លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនួយសម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ

ជំនួយសម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ

 អង្គការ​សុខភាព​ពិភព​លោក​បាន​រៀប​រាប់​ថា​៖​«​នៅ​ទូ​ទាំង​ពិភព​លោក​ស្ត្រី​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា​នោះ​បាន​រាល​ដាល​នៅ​គ្រប់​ទី​កន្លែង។ ដោយ​សារ​នេះ​គឺ​ជា​រឿង​ធំ ដូច្នេះ​យើង​ត្រូវ​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាំង​នោះ​»។ អង្គការ​នោះ​ក៏​បន្ថែម​ថា​៖​«​ស្ត្រី​ដែល​បាន​រង​អំពើ​ហិង្សា​ពី​គូ​អាពាហ៍ពិពាហ៍​ឬ​គូ​ស្នេហា មាន​ប្រមាណ​៣០​ភាគ​រយ​បាន​រង​អំពើ​ហិង្សា​ខាង​ផ្លូវ​កាយ​ឬ​ខាង​ផ្លូវ​ភេទ​»។ ម្យ៉ាង​ទៀត អង្គការ​សហប្រជាជាតិ​បាន​រាយ​ការណ៍​ថា​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ជា​រៀង​រាល់​ថ្ងៃ​ស្ត្រី​ប្រមាណ​១៣៧​នាក់​បាន​ស្លាប់​ដោយ​សារ​រង​អំពើ​ហិង្សា​ពី​គូ​របស់​ខ្លួន​ឬ​សមាជិក​ក្រុម​គ្រួសារ។ a

 ស្ថិតិ​ទាំង​នេះ​គ្រាន់​តែ​បង្ហាញ​ថា​អំពើ​ហិង្សា​មាន​ចំនួន​ច្រើន​ប៉ុណ្ណោះ តែ​មិន​បាន​ប្រាប់​ថា​ការ​រង​អំពើ​ហិង្សា​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​ជន​រង​គ្រោះ​ខ្លាំង​យ៉ាង​ណា​ទេ។

 តើ​អ្នក​ជា​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​ឬ? ឬ​តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទេ? បើ​អ្នក​ជា​ជន​រង​គ្រោះ​ឬ​ស្គាល់​នរណា​ម្នាក់​ដែល​រង​គ្រោះ គម្ពីរ​អាច​ជួយ​លោក​អ្នក​បាន។ សូម​ពិចារណា​ចំណុច​ដូច​ខាង​ក្រោម។

  សូម​កុំ​គិត​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​កំហុស​របស់​អ្នក

  សូម​រក​ជំនួយ

  អ្នក​មិន​នៅ​តែ​ឯង​ទេ

  អំពើ​ហិង្សា​ក្នុង​គ្រួសារ​នឹង​លែង​មាន​ទៀត

  តើ​អ្នក​អាច​ជួយ​ជន​រង​គ្រោះ​យ៉ាង​ដូច​ម្ដេច?

 សូម​កុំ​គិត​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​កំហុស​របស់​អ្នក

 គម្ពីរ​ចែង​ថា​៖​«​ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង​»។—រ៉ូម ១៤:១២

 ចំណុច​សំខាន់​៖ អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​ទេ គឺ​ជា​អ្នក​ខុស។

 បើ​អ្នក​ត្រូវ​ប្ដី​វាយ នោះ​ជា​កំហុស​របស់​ប្ដី​មិន​មែន​អ្នក​ទេ ព្រោះ​ប្រពន្ធ​សម​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ប្ដី។—កូឡុស ៣:១៩

 ប្ដី​ដែល​ប្រើ​អំពើ​ហិង្សា​អាច​មក​ពី​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ប្រើ​អំពើ​ហិង្សា ឬ​ដោយ​សារ​គាត់​ស្រវឹង​ស្រា។ ទោះ​ជា​ដោយ​សារ​មូលហេតុ​អ្វី​ក៏​ដោយ ព្រះ​នឹង​វិនិច្ឆ័យ​តាម​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​គាត់​ក៏​ត្រូវ​កែ​ខ្លួន​ដែរ។

 សូម​រក​ជំនួយ

 គម្ពីរ​ចែង​ថា​៖​«​បើ​មាន​ការ​ប្រឹក្សា​ច្រើន នោះ​គម្រោង​នឹង​បាន​ជោគ​ជ័យ​វិញ​»។—សុភាសិត ១៥:២២

 ចំណុច​សំខាន់​៖ បើ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព ឬ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា សូម​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។

 ហេតុ​អ្វី​អ្នក​ប្រហែល​ជា​ត្រូវ​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត? អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​បញ្ហា​ស្មុគ​ស្មាញ​មួយ​ដែល​ពិបាក​ដោះ​ស្រាយ ព្រោះ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​គិត​ពិចារណា​ថា​មួយ​ណា​ដែល​សំខាន់​ជាង រឿង​ទាំង​នោះ​មាន​ដូច​ជា​៖

  •   គិត​អំពី​សុវត្ថិភាព​របស់​អ្នក

  •   គិត​អំពី​ប្រយោជន៍​កូន

  •   គិត​អំពី​ការ​ចិញ្ចឹម​ជីវិត

  •   គិត​អំពី​ក្ដី​ស្រឡាញ់​ចំពោះ​គូ

  •   គិត​ចង់​ផ្សះ​ផ្សា​ជា​មួយ​គូ​បើ​គាត់​កែ​ខ្លួន

 ពេល​រង​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ ធម្មតា​ទេ​ដែល​អ្នក​មាន​អារម្មណ៍​ស្មុគ​ស្មាញ ហើយ​គិត​ថា​បញ្ហា​នោះ​ធំ​ពេក​ពិបាក​ដោះ​ស្រាយ។ ដូច្នេះ តើ​អ្នក​គួរ​សុំ​ជំនួយ​ពី​អ្នក​ណា?

 អ្នក​អាច​រក​ជំនួយ​ពី​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ព្រោះ​ពួក​គេ​អាច​ជួយ​អ្នក​ទាំង​ខាង​ផ្លូវ​កាយ​ទាំង​ខាង​ផ្លូវ​ចិត្ត។ ពេល​អ្នក​និយាយ​ប្រាប់​នរណា​ម្នាក់​ដែល​ស្រឡាញ់​អ្នក នោះ​អាច​ធ្វើ​ឲ្យ​អ្នក​ធូរ​ចិត្ត​បាន។

 ការ​ទូរស័ព្ទ​ទៅ​ទី​ប្រឹក្សា​ផ្ដល់​ជំនួយ​សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ អាច​ផ្ដល់​ជំនួយ​ដល់​អ្នក​ភ្លាម​ៗ។ ពួក​គេ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ​ដើម្បី​ការ​ពារ​ខ្លួន។ ម្យ៉ាង​ទៀត បើ​គូ​របស់​អ្នក​ទទួល​ស្គាល់​កំហុស​ហើយ​ចង់​កែ​ខ្លួន ក្រុម​ទី​ប្រឹក្សា​នោះ​នឹង​ជួយ​គាត់។

 អ្នក​ក៏​អាច​រក​ជំនួយ​ពី​ប្រភព​ផ្សេង​ទៀត​ដែរ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​អ្នក​អាច​រក​ជំនួយ​ពី​គ្រូ​ពេទ្យ គិលានុបដ្ឋាយិកា ឬ​អ្នក​ជំនាញ​ឯ​ទៀត​ជា​ដើម។

 អ្នក​មិន​នៅ​តែ​ឯង​ទេ

 គម្ពីរ​ចែង​ថា​៖​«​ព្រះ​យេហូវ៉ា bនៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត​»។—ចម្រៀង​សរសើរ​ព្រះ ៣៤:១៨

 ចំណុច​សំខាន់​៖ ព្រះ​សន្យា​ថា​លោក​នឹង​ជួយ​អ្នក។

 ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ខ្លាំង​ណាស់។ (​ពេត្រុស​ទី​១ ៥:៧​) លោក​យល់​ពី​អារម្មណ៍​កប់​ជ្រៅ​របស់​អ្នក លោក​អាច​សម្រាល​ទុក្ខ​អ្នក​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ លោក​ចង់​ឲ្យ​អ្នក​អធិដ្ឋាន​ទៅ​លោក។ ពេល​អ្នក​អធិដ្ឋាន អ្នក​អាច​សុំ​ប្រាជ្ញា​និង​កម្លាំង​ពី​លោក ដើម្បី​អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក។—អេសាយ ៤១:១០

 អំពើ​ហិង្សា​នឹង​លែង​មាន​ទៀត

 គម្ពីរ​ចែង​ថា​៖​«​ពួក​គេ​នឹង​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​ខ្លួន ហើយ​នឹង​គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​គេ​ឡើយ​»។—មីកា ៤:៤

 ចំណុច​សំខាន់​៖ គម្ពីរ​សន្យា​អំពី​គ្រា​មួយ​នៅ​ថ្ងៃ​អនាគត​ថា ផ្ទះ​របស់​មនុស្ស​គ្រប់​រូប​នឹង​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត។

 មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​បំបាត់​ចោល​បញ្ហា​ទាំង​អស់​បាន ហើយ​បញ្ហា​ទាំង​អស់​នោះ​នឹង​មិន​កើត​ឡើង​ម្ដង​ទៀត​ទេ។ គម្ពីរ​ចែង​ថា​៖​«​លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។ (​ការ​បើក​បង្ហាញ ២១:៤​) នៅ​គ្រា​នោះ​ការ​នឹក​ចាំ​ដ៏​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​នឹង​ជំនួស​ដោយ​អនុស្សាវរីយ៍​ល្អ​ៗ​វិញ។ (​អេសាយ ៦៥:១៧​) គម្ពីរ​សន្យា​ថា​សេចក្ដី​សុខ​សាន្ត​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ជាក់​ជា​ពុំ​ខាន។

a ក្នុង​អត្ថបទ​នេះ​ជន​រង​គ្រោះ​សំដៅ​ទៅ​លើ​ស្ត្រី តែ​ចំណុច​ជា​ច្រើន​ក៏​ទាក់​ទង​នឹង​បុរស​ដែរ។

b យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។