លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

៤ | គម្ពីរផ្ដល់ការណែនាំដែលមានប្រយោជន៍

៤ | គម្ពីរផ្ដល់ការណែនាំដែលមានប្រយោជន៍

គម្ពីរ​ចែង​ថា​៖ «​គ្រប់​ទាំង​បទ​គម្ពីរ . . . មាន​ប្រយោជន៍​»។—ធីម៉ូថេ​ទី២ ៣:១៦

នេះ​មាន​ន័យ​ថា

ទោះ​បី​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ខាង​វេជ្ជសាស្ត្រ​ក៏​ដោយ តែ​យោបល់​ក្នុង​គម្ពីរ​គឺ​មាន​ប្រយោជន៍។ យោបល់​ទាំង​នោះ​អាច​ជួយ​បុគ្គល​ដែល​កំពុង​តស៊ូ​នឹង​បញ្ហា​ខាង​សុខភាព​ផ្លូវ​ចិត្ត។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

របៀប​ដែល​គម្ពីរ​អាច​ជួយ​យើង

«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ​»។—ម៉ាថាយ ៩:១២

គម្ពីរ​ទទួល​ស្គាល់​ថា​យើង​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ការ​ព្យាបាល។ មនុស្ស​ជា​ច្រើន​ឃើញ​ថា​ពួក​គេ​ធូរ​ស្រាល​ជាង​ដោយ​រៀន​អ្វី​ដែល​ពួក​គេ​អាច​រៀន​បាន អំពី​ជំងឺ​ផ្លូវ​ចិត្ត​របស់​ខ្លួន​ពី​កន្លែង​ដែល​អាច​ទុក​ចិត្ត​បាន និង​ដោយ​ទទួល​ជំនួយ​ពី​គ្រូ​ពេទ្យ​ខាង​វេជ្ជសាស្ត្រ។

«​ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​»។—ធីម៉ូថេ​ទី១ ៤:៨

ការ​លៃ​ពេល​វេលា​និង​កម្លាំង​ដើម្បី​មាន​ទម្លាប់​ល្អ អាច​ជួយ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​កាន់​តែ​ល្អ​ប្រសើរ​ជាង។ ទម្លាប់​ទាំង​នេះ​រួម​បញ្ចូល ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់ ញ៉ាំ​ម្ហូប​អាហារ​ដែល​មាន​ជីវជាតិ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។

«​ចិត្ត​រីករាយ​ជា​ថ្នាំ​វិសេស តែ​ចិត្ត​ខ្ទេច​ខ្ទាំ​ធ្វើ​ឲ្យ​អស់​កម្លាំង​រលីង​»។—សុភាសិត ១៧:២២

ការ​អាន​បទ​គម្ពីរ​ដែល​លើក​ទឹក​ចិត្ត និង​ការ​កំណត់​គោល​ដៅ​សម​ហេតុ​សម​ផល​ដែល​អ្នក​អាច​ធ្វើ​បាន អាច​ជួយ​អ្នក​ឲ្យ​សប្បាយ​ចិត្ត។ បើ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​នៅ​ក្នុង​ជីវិត ហើយ​ជឿ​ថា​ជីវិត​របស់​អ្នក​នឹង​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​អនាគត នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។

«​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​»។—សុភាសិត ១១:២

អ្នក​ប្រហែល​ជា​ឃើញ​ថា​អ្នក​មិន​អាច​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ទេ ដូច្នេះ​សូម​ព្រម​ទទួល​យក​ជំនួយ​ពី​អ្នក​ឯ​ទៀត។ មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​ទំនង​ជា​ចង់​ជួយ​អ្នក ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ថា ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​នោះ​ទេ។ សូម​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​សម្រាប់​អ្នក។ កុំ​រំពឹង​ថា​អ្នក​ឯ​ទៀត​នឹង​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​សព្វ​បែប​យ៉ាង​ដើម្បី​ជួយ​អ្នក​ឡើយ ប៉ុន្តែ​សូម​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ជំនួយ​ដែល​អ្នក​បាន​ទទួល។

របៀប​ដែល​ការ​ណែនាំ​ក្នុង​គម្ពីរ​អាច​ជួយ​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត

​«​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​ដែល​ខុស​ប្រក្រតី ដូច្នេះ​ខ្ញុំ​បាន​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ។ គាត់​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​របស់​ខ្ញុំ ហើយ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​ស្ថានភាព​របស់​ខ្ញុំ​ច្បាស់​ជាង និង​ស្រាវ​ជ្រាវ​អំពី​វិធី​ព្យាបាល​ផ្សេង​ៗ​ដើម្បី​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​»។ នីខូល a ដែល​មាន​ជំងឺ​បាយប៉ូឡា។

​«​ខ្ញុំ​ឃើញ​ថា​ការ​អាន​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​ប្រពន្ធ​របស់​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​ថ្ងៃ​នីមួយ​ៗ​ដោយ​មាន​គំនិត​វិជ្ជមាន ហើយ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ពិបាក​ស៊ូ​ទ្រាំ មាន​បទ​គម្ពីរ​ណា​មួយ​ដែល​ជួយ​សម្រាល​ទុក្ខ​ខ្ញុំ​»។ ភីធើ ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

​«​ខ្ញុំ​ពិបាក​ប្រាប់​អ្នក​ឯ​ទៀត​ពី​ជំងឺ​របស់​ខ្ញុំ ដោយ​សារ​ខ្ញុំ​ខ្មាស​គេ​ណាស់។ ប៉ុន្តែ មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​ខ្ញុំ​បាន​ស្ដាប់​ខ្ញុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ព្យាយាម​យល់​អារម្មណ៍​របស់​ខ្ញុំ។ នាង​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង ហើយ​ឲ្យ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ​»។ ជេ​យ៉ូ ដែល​មាន​ជំងឺ​បរិភោគ​មិន​ប្រក្រតី។

​«​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​តុល្យភាព​និង​សម​ហេតុ​សម​ផល ស្ដី​អំពី​ការ​ងារ​និង​ការ​សម្រាក។ ប្រាជ្ញា​នៅ​ក្នុង​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ដែល​ញាំញី​ខ្ញុំ​»។ ធីម៉ូថេ ដែល​មាន​ជំងឺ​គិត​និង​ធ្វើ​អ្វី​ដដែល​ៗ។

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។