លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់ | ដាវីឌ

​«​ចំ​បាំង​នេះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​»​

​«​ចំ​បាំង​នេះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​»​

ដាវីឌ​ទប់​ជំហរ​បន្ដិច​ពេល​ពួក​ទាហាន​ប៉ះ​គាត់ កាល​ដែល​ពួក​គេ​រត់​ចេញ​ពី​ជួរ​ទ័ព​យ៉ាង​ប្រញាប់​ប្រញាល់​ដោយ​ការ​ភ័យ​ខ្លាច។ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច? ដាវីឌ​បាន​ឮ​ពួក​ទាហាន​និយាយ​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ភ័យ​ស្លុត​នូវ​ឈ្មោះ​របស់​បុរស​ម្នាក់។ ពេល​នោះ​ដាវីឌ​ក្រឡេក​ទៅ​ឃើញ​បុរស​មាន​មាឌ​ធំ​សម្បើម​ម្នាក់​ដែល​កំពុង​ឈរ​យ៉ាង​មាន​អំនួត​នៅ​ជ្រលង​ភ្នំ គឺ​ឈ្មោះ​បុរស​នោះ​ហើយ​ដែល​ពួក​ទាហាន​បាន​និយាយ។ ដាវីឌ​ប្រហែល​ជា​មិន​ធ្លាប់​ឃើញ​មនុស្ស​មាឌ​ធំ​ដូច​នេះ​ពី​មុន​ទេ។

បុរស​នោះ​ឈ្មោះ​កូលីយ៉ាត! ឥឡូវ​ដាវីឌ​យល់​មូលហេតុ​ដែល​ពួក​ទាហាន​ខ្លាច​គាត់ ព្រោះ​អី​បុរស​នោះ​មាន​មាឌ​ធំ​ខ្លាំង​ណាស់ ទោះ​ជា​គាត់​មិន​ពាក់​គ្រឿង​ចម្បាំង ក៏​គាត់​ប្រហែល​ជា​នៅ​តែ​ធ្ងន់​ជាង​ទម្ងន់​របស់​មនុស្ស​ប្រុស​មាឌ​ធំ​ពីរ​នាក់​ដែរ។ ប៉ុន្ដែ កូលីយ៉ាត​ប្រដាប់​គ្រឿង​ចម្បាំង​សព្វ​គ្រប់ នេះ​ធ្វើ​ឲ្យ​គាត់​មាន​ទម្ងន់​កាន់​តែ​ធ្ងន់។ ម្យ៉ាង​ទៀត គាត់​មាន​កម្លាំង​ខ្លាំង និង​ពូកែ​ធ្វើ​សង្គ្រាម​ទៀត​ផង។ កូលីយ៉ាត​បាន​ស្រែក​បបួល​គេ​ឲ្យ​មក​ច្បាំង​ជា​មួយ​នឹង​គាត់។ សូម​ស្រមៃ​គិត ពេល​កូលីយ៉ាត​ស្រែក​មើល​ងាយ​ពួក​ទាហាន​និង​សុល​ដែល​ជា​ស្ដេច​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ជ្រលង​ភ្នំ នោះ​សំឡេង​របស់​គាត់​ច្បាស់​ជា​លាន់​ឮ​ខ្លាំង​ណាស់។ កូលីយ៉ាត​បាន​បបួល​បុរស​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​មក​ប្រកួត​នឹង​គាត់​តែ​ពីរ​នាក់ ដើម្បី​ដឹង​ថា​ខាង​ណា​ឈ្នះ​សង្គ្រាម!—សាំយូអែល​ទី១ ១៧:៤​-​១០

កូលីយ៉ាត​បាន​ធ្វើ​ដូច្នោះ​អស់​ជាង​មួយ​ខែ​ហើយ តែ​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល ទាំង​ស្ដេច​សុល គ្មាន​អ្នក​ណា​ហ៊ាន​ចេញ​មក​ប្រកួត​នឹង​គាត់​ឡើយ។ ពួក​គេ​កំសាក​ណាស់! កង​ទ័ព​ភីលីស្ទីន​និង​កង​ទ័ព​អ៊ីស្រាអែល​នៅ​តែ​បន្ដ​ប្រឈម​មុខ​ដាក់​គ្នា កាល​ដែល​កូលីយ៉ាត​ចេះ​តែ​ស្រែក​ចំអក​មើល​ងាយ​ពួក​អ៊ីស្រាអែល​រាល់​ថ្ងៃ។ ពេល​ដាវីឌ​ឃើញ​ស្ថានភាព​ដូច​នេះ គាត់​ពិបាក​ចិត្ដ​ណាស់។ ពិត​ជា​គួរ​ឲ្យ​អាម៉ាស់​មុខ​មែន ដែល​ស្ដេច​សាសន៍​អ៊ីស្រាអែល​និង​កង​ទាហាន​របស់​គាត់ រួម​ទាំង​បង​ប្រុស​បី​នាក់​របស់​ដាវីឌ ក៏​កំសាក​មិន​ហ៊ាន​ចេញ​ប្រយុទ្ធ​ដូច្នេះ! ចំពោះ​ដាវីឌ​គាត់​គិត​ថា​អ្វី​ដែល​អាក្រក់​ជាង​ការ​ដៀល​ត្មះ​ពួក​ទាហាន​អ៊ីស្រាអែល នោះ​គឺ​កូលីយ៉ាត​ដែល​ជា​អ្នក​គោរព​បូជា​ព្រះ​មិន​ពិត​កំពុង​ប្រមាថ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល! ប៉ុន្ដែ តើ​ដាវីឌ​ដែល​គ្រាន់​តែ​ជា​យុវជន​ម្នាក់​អាច​ធ្វើ​អ្វី​បាន​ចំពោះ​រឿង​នេះ? នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​រៀន​អ្វី​ពី​ជំនឿ​របស់​គាត់?—សាំយូអែល​ទី១ ១៧:១១​-​១៤

ចូរ​«​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ!​»​

សូម​យើង​គិត​អំពី​ប៉ុន្មាន​ខែ​មុន​ដែល​មាន​រឿង​នេះ​កើត​ឡើង។ នៅ​ល្ងាច​មួយ ដាវីឌ​កំពុង​មើល​ថែ​ចៀម​របស់​ឪ​ពុក​គាត់​នៅ​ជាយ​ភ្នំ​ជិត​បេថ្លេហិម។ ក្នុង​វ័យ​ជំទង់ ដាវីឌ​ជា​កំលោះ​ដែល​មាន​រូប​ស្រស់​សង្ហា មាន​ថ្ពាល់​ក្រហម និង​មាន​កែវ​ភ្នែក​មុត​ថ្លា​ដែល​គួរ​ឲ្យ​ទាក់​ទាញ។ ពេល​គាត់​មើល​ធម្មជាតិ​ដ៏​សែន​ស្អាត​ដែល​ជា​ស្នា​ដៃ​របស់​ព្រះ នោះ​បាន​ធ្វើ​ឲ្យ​គាត់​កោត​ស្ងើច​លោក​យ៉ាង​ខ្លាំង។ ដើម្បី​កុំ​ឲ្យ​អផ្សុក គាត់​លេង​ពិណ​កំដរ​អារម្មណ៍។ ដាវីឌ​កាន់​តែ​ប្រសប់​លេង​ភ្លេង ដោយ​សារ​គាត់​សប្បាយ​ហាត់​លេង​ភ្លេង​អស់​ច្រើន​ម៉ោង។ ប៉ុន្ដែ នៅ​ល្ងាច​នោះ​មាន​គេ​មក​ប្រាប់​គាត់​ថា ឪ​ពុក​គាត់​ចង់​ជួប​គាត់​ឥឡូវ។—សាំយូអែល​ទី១ ១៦:១២

ពេល​គាត់​មក​ផ្ទះ​វិញ គាត់​ឃើញ​អ៊ីសាយ​ដែល​ជា​ឪ​ពុក​គាត់​កំពុង​និយាយ​ជា​មួយ​នឹង​បុរស​វ័យ​ចាស់​ម្នាក់។ បុរស​នោះ​ឈ្មោះ​សាំយូអែល ជា​អ្នក​ប្រកាស​ទំនាយ​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ ព្រះ​បាន​ចាត់​គាត់​ឲ្យ​មក​ចាក់​ប្រេង​លើ​កូន​ប្រុស​ម្នាក់​របស់​អ៊ីសាយ ដើម្បី​តាំង​អ្នក​នោះ​ឡើង​ជា​ស្ដេច​បន្ទាប់​ពី​ស្ដេច​សុល! សាំយូអែល​បាន​ឃើញ​បង​ប្រុស​ទាំង​៧​នាក់​របស់​ដាវីឌ​រួច​ហើយ តែ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​យ៉ាង​ច្បាស់​ថា​មិន​មែន​ពួក​គេ​ទេ។ ពេល​ដែល​ដាវីឌ​មក​ដល់ ព្រះ​យេហូវ៉ា​ប្រាប់​សាំយូអែល​ថា​៖ ​«​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ!​»។ នៅ​ខាង​មុខ​បង​ប្រុស​ៗ​របស់​ដាវីឌ សាំយូអែល​បាន​យក​ស្នែង​ដែល​ដាក់​ប្រេង​ក្រអូប​ពិសេស​ចាក់​លើ​ក្បាល​របស់​ដាវីឌ។ តាំង​ពី​ពេល​នោះ​មក ជីវិត​របស់​ដាវីឌ​បាន​ផ្លាស់​ប្ដូរ។ គម្ពីរ​ចែង​ថា​៖ ​«​ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ​»។—សាំយូអែល​ទី១ ១៦:១, ៥​-​១១, ១៣

កាល​ដែល​ដាវីឌ​បាន​វាយ​សម្លាប់​សត្វ​សាហាវ គាត់​បាន​បង្ហាញ​ចិត្ដ​រាប​ទាប​ដោយ​ផ្ដល់​ការ​សរសើរ​ទៅ​ព្រះ​យេហូវ៉ា

ប៉ុន្ដែ តើ​ដាវីឌ​ចាប់​ផ្ដើម​មាន​មហិច្ឆតា​ដោយ​សារ​គាត់​នឹង​ធ្វើ​ជា​ស្ដេច​ទេ? អត់​ទេ គាត់​រង់​ចាំ​ការ​ណែនាំ​ពី​សកម្មពល​របស់​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​គាត់​ឲ្យ​ដឹង​ថា​ពេល​ណា​ដែល​គាត់​នឹង​ទទួល​ភារកិច្ច​ធំ​ជាង។ ក្នុង​ចន្លោះ​ពេល​នោះ គាត់​បន្ដ​ធ្វើ​ជា​អ្នក​ឃ្វាល​ចៀម​ដោយ​ចិត្ដ​រាប​ទាប។ គាត់​ធ្វើ​កិច្ច​ការ​នោះ​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន និង​ដោយ​ចិត្ដ​ក្លាហាន។ អស់​ពីរ​ដង​ហើយ​ដែល​ហ្វូង​ចៀម​របស់​ឪ​ពុក​គាត់​វិះ​នឹង​ត្រូវ​សត្វ​ឯ​ទៀត​ចាប់​ស៊ី​ជា​ចំណី លើក​ទី១​គឺ​សត្វ​តោ និង​លើក​ទី២​គឺ​សត្វ​ខ្លា​ឃ្មុំ។ នៅ​ពេល​នីមួយ​ៗ ដាវីឌ​មិន​មែន​គ្រាន់​តែ​ដេញ​សត្វ​សាហាវ​នោះ​ពី​ចម្ងាយ​ទេ តែ​គាត់​ស្ទុះ​ចូល​ទៅ​ប្រយុទ្ធ​ជា​មួយ​នឹង​សត្វ​ទាំង​នោះ​ដើម្បី​ការពារ​ហ្វូង​ចៀម​របស់​ឪ​ពុក​គាត់។ ទាំង​ពីរ​លើក ដាវីឌ​បាន​សម្លាប់​សត្វ​សាហាវ​ទាំង​នោះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ!—សាំយូអែល​ទី១ ១៧:៣៤​-​៣៦; អេសាយ ៣១:៤

ក្រោយ​មក​កេរ្ដិ៍​ឈ្មោះ​របស់​ដាវីឌ​បាន​ឮ​ទៅ​ដល់​ស្ដេច​សុល។ ទោះ​ជា​សុល​នៅ​តែ​ពូកែ​ធ្វើ​សង្គ្រាម តែ​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ដ​នឹង​គាត់ ដោយ​សារ​គាត់​មិន​ស្តាប់​បង្គាប់​លោក។ ម៉្លោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ដក​សកម្មពល​របស់​លោក​ចេញ​ពី​សុល ដូច្នេះ​ជា​ញឹក​ញយ គាត់​មាន​អារម្មណ៍​មិន​ល្អ​ដូច​ជា​ឆាប់​ខឹង ឆាប់​សង្ស័យ និង​ចូល​ចិត្ដ​ប្រើ​ហិង្សា។ ប៉ុន្ដែ ភ្លេង​អាច​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ស្រួល​វិញ។ បុរស​ខ្លះ​របស់​សុល​បាន​ឮ​អំពី​ដាវីឌ​ថា​គាត់​ពូកែ​លេង​ភ្លេង និង​ជា​អ្នក​ដែល​បាន​សម្លាប់​សត្វ​សាហាវ។ ដូច្នេះ ពួក​គេ​ក៏​ហៅ​ដាវីឌ​មក​លេង​ភ្លេង​កំដរ​ស្ដេច​សុល ហើយ​មិន​យូរ​ប៉ុន្មាន​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​អ្នក​លេង​ភ្លេង​ក្នុង​ដំណាក់​ស្ដេច​សុល​និង​ជា​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់។—សាំយូអែល​ទី១ ១៥:២៦​-​២៩; ១៦:១៤​-​២៣

ស្ដី​អំពី​រឿង​នេះ ប្អូន​ៗ​វ័យ​ក្មេង​អាច​រៀន​ច្រើន​ពី​ជំនឿ​របស់​ដាវីឌ។ សូម​កត់​សម្គាល់​ថា ដាវីឌ​បាន​ចំណាយ​ពេល​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ព្យាយាម​ឲ្យ​មាន​ជំនាញ​ផ្សេង​ៗ​ដោយ​ចិត្ដ​អត់​ធ្មត់ ហើយ​នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​សមត្ថភាព​ធ្វើ​ការ​បាន។ សំខាន់​ជាង​នោះ​ទៅ​ទៀត គាត់​ធ្វើ​តាម​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​ព្រះ។ នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​មែន​សម្រាប់​យើង​ទាំង​អស់​គ្នា!—សាស្តា ១២:១

«​សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ដ​ដោយ​ព្រោះ​វា​ឡើយ​»

ទោះ​ជា​ដាវីឌ​នៅ​បម្រើ​សុល​ក៏​ដោយ តែ​ជា​រឿយ​ៗ​គាត់​ក៏​ឆ្លៀត​ពេល​ទៅ​ផ្ទះ​ដើម្បី​មើល​ថែ​ហ្វូង​ចៀម​ដែរ ជួន​កាល​គាត់​ស្នាក់​នៅ​ផ្ទះ​អស់​មួយ​រយៈ​ពេល។ ក្នុង​អំឡុង​ពេល​មួយ​ដែល​គាត់​នៅ​ផ្ទះ ឪ​ពុក​ដាវីឌ​បាន​ប្រាប់​គាត់​ឲ្យ​ទៅ​មើល​សុខ​ទុក្ខ​បង​ប្រុស​បី​នាក់​របស់​គាត់​ដែល​កំពុង​បម្រើ​ក្នុង​ជួរ​ទ័ព​របស់​សុល។ ដាវីឌ​បាន​ធ្វើ​តាម​បង្គាប់​ឪ​ពុក ដោយ​យក​ស្បៀងអាហារ​ជា​ច្រើន​ទៅ​ឲ្យ​បង​ប្រុស​គាត់​ដែល​នៅ​ឯ​ជ្រលង​ភ្នំ​អេឡា។ កាល​ដាវីឌ​ទៅ​ដល់​ទី​នោះ គាត់​ពិបាក​ចិត្ដ​ណាស់​ពេល​គាត់​ឃើញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​ទាំង​ពីរ​ដូច​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ កង​ទ័ព​មួយ​ឈរ​នៅ​ភ្នំ​ម្ខាង ហើយ​កង​ទ័ព​មួយ​ទៀត​ឈរ​នៅ​ភ្នំ​ម្ខាង ដែល​មាន​វាល​ច្រក​ភ្នំ​នៅ​កណ្ដាល។—សាំយូអែល​ទី១ ១៧:១​-​៣, ១៥​-​១៩

ដាវីឌ​មិន​អាច​ឈរ​ទ្រាំ​មើល​ស្ថានភាព​នេះ​ត​ទៅ​ទៀត​បាន​ទេ។ ហេតុ​អ្វី​ក៏​កង​ទ័ព​របស់​ព្រះ​យេហូវ៉ា​ដ៏​មាន​ជីវិត​រស់​នៅ បែរ​ជា​រត់​គេច​ដោយ​ភ័យ​ខ្លាច​ចំពោះ​មនុស្ស​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​ដូច្នេះ? ដាវីឌ​យល់​ថា​ការ​ចំអក​ឡកឡឺយ​របស់​កូលីយ៉ាត​គឺ​ជា​ការ​មើល​ងាយ​ព្រះ​យេហូវ៉ា​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ គាត់​ចាប់​ផ្ដើម​និយាយ​ដោយ​ខ្នះ​ខ្នែង​ជា​មួយ​នឹង​ពួក​ទាហាន​អំពី​ការ​យក​ឈ្នះ​កូលីយ៉ាត។ ពេល​បង​ប្រុស​របស់​ដាវីឌ​ឈ្មោះ​អេលាប​ឮ​ដាវីឌ​និយាយ​ដូច្នោះ គាត់​ក៏​ខឹង​ហើយ​ស្ដី​បន្ទោស​ដាវីឌ​ដោយ​ចោទ​ថា​គាត់​មក​ទី​នេះ​ដើម្បី​ចង់​មើល​ចម្បាំង​តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ ដាវីឌ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ!​»។ បន្ទាប់​មក ដាវីឌ​បន្ដ​និយាយ​ជា​មួយ​នឹង​ពួក​ទាហាន​អំពី​ការ​វាយ​ឈ្នះ​កូលីយ៉ាត។ រួច​មក ទាហាន​ម្នាក់​បាន​ទៅ​ប្រាប់​ស្ដេច​សុល​អំពី​អ្វី​ដែល​ដាវីឌ​និយាយ។ ដូច្នេះ ស្ដេច​ក៏​បង្គាប់​ទាហាន​ឲ្យ​នាំ​ដាវីឌ​មក​ជួប​គាត់។—សាំយូអែល​ទី១ ១៧:២៣​-​៣១

ដាវីឌ​ជម្រាប​ស្ដេច​នូវ​ពាក្យ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​ថា​៖ ​«​សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ដ​ដោយ​ព្រោះ​វា​ឡើយ​»។ សុល​និង​បុរស​របស់​គាត់​ពិត​ជា​បាន​ស្លុត​ចិត្ដ​ដោយ​សារ​កូលីយ៉ាត​មែន។ នេះ​ប្រហែល​ជា​ដោយ​សារ​ពួក​គេ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​បុរស​មាឌ​ធំ​សម្បើម​នោះ​ថា​ពួក​គេ​មាន​កម្ពស់​ត្រឹម​តែ​ដើម​ទ្រូង​របស់​គាត់​ប៉ុណ្ណោះ។ ពួក​គេ​គិត​ថា​បុរស​មាឌ​ធំ​សម្បើម​នោះ​នឹង​សម្លាប់​ពួក​គេយ៉ាង​ងាយ។ ប៉ុន្ដែ ដាវីឌ​មិន​គិត​ដូច្នោះ​ទេ។ បន្ដិច​ទៀត យើង​នឹង​យល់​នូវ​មូលហេតុ​ដែល​ដាវីឌ​គិត​ខុស​ស្រឡះ​ពី​ពួក​គេ។ ឥឡូវ ដាវីឌ​សុំ​ចេញ​ទៅ​ច្បាំង​នឹង​កូលីយ៉ាត​ផ្ទាល់។—សាំយូអែល​ទី១ ១៧:៣២

ប៉ុន្ដែ សុល​បដិសេធ​ថា​៖ ​«​ឯង​នឹង​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចំ​បាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ​»។ តើ​ដាវីឌ​ពិត​ជា​នៅ​ក្មេង​មែន​ឬ? មិន​មែន​ទេ តែ​ដោយ​សារ​មើល​ទៅ​គាត់​មាន​រូប​ឆោម​ដូច​ក្មេង ហើយ​គាត់​មិន​ទាន់​គ្រប់​អាយុ​ចូល​ទាហាន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ មនុស្ស​ឯ​ទៀត​ដឹង​ហើយ​ថា​ដាវីឌ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ក្លាហាន​ម្នាក់ ហើយ​ឥឡូវ​នេះ​គាត់​មាន​អាយុ​ប្រហែល​ជា​ជិត​២០​ឆ្នាំ​ហើយ។—សាំយូអែល​ទី១ ១៦:១៨; ១៧:៣៣

ដាវីឌ​ពង្រឹង​ទំនុក​ចិត្ដ​សុល​ដោយ​រៀប​រាប់​អំពី​ពេល​ដែល​គាត់​ប្រយុទ្ធ​ជា​មួយ​សត្វ​តោ​និង​ខ្លា​ឃ្មុំ។ តើ​នេះ​មាន​ន័យ​ថា​គាត់​អួត​ទេ? អត់​ទេ។ ដាវីឌ​បាន​ដឹង​ថា​អ្នក​ណា​ដែល​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​សត្វ​ទាំង​នោះ។ គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​ជួយ​ទូល​បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ នឹង​ខ្លា​ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ​»។ ទី​បំផុត សុល​យល់​ព្រម​ហើយ​ប្រាប់​ដាវីឌ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង​»។—សាំយូអែល​ទី១ ១៧:៣៧

តើ​អ្នក​ចង់​មាន​ជំនឿ​ដូច​ដាវីឌ​ទេ? សូម​កត់​សម្គាល់​ថា ជំនឿ​របស់​ដាវីឌ​មិន​មែន​ជា​ជំនឿ​ដែល​ខ្វះ​ការ​ពិចារណា ឬ​ជា​ការ​ស្រមើ​ស្រមៃ​ទេ តែ​គាត់​មាន​ជំនឿ​លើ​ព្រះ​ដោយ​សារ​គាត់​មាន​ចំណេះ​ដឹង​និង​បទ​ពិសោធន៍។ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ការពារ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​លោក​តែង​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ជា​និច្ច។ បើ​យើង​ចង់​មាន​ជំនឿ​ដូច​នោះ យើង​ត្រូវ​បន្ដ​រៀន​អំពី​ព្រះ​ក្នុង​គម្ពីរ​បរិសុទ្ធ។ កាល​ដែល​យើង​រស់​នៅ​ស្រប​តាម​អ្វី​ដែល​យើង​បាន​រៀន យើង​នឹង​ទទួល​លទ្ធផល​ល្អ ហើយ​នោះ​ជួយ​យើង​ឲ្យ​មាន​ជំនឿ​រឹង​មាំ។—ហេប្រឺ ១១:១

«​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឯង មក​ក្នុង​កណ្ដាប់​ដៃ​នៃ​អញ​»

មុន​ដំបូង សុល​បាន​ប្រដាប់​គ្រឿង​ចម្បាំង​របស់​គាត់​ឲ្យ​ដាវីឌ។ គ្រឿង​ចម្បាំង​ទាំង​នេះ​ទំនង​ជា​ស្រដៀង​នឹង​គ្រឿង​ចម្បាំង​របស់​កូលីយ៉ាត​ដែរ។ គ្រឿង​ទាំង​នេះ​ធ្វើ​ពី​ស្ពាន់ ដែល​រួម​មាន​អាវ​ក្រោះ​ធំ​ផង។ ក៏​ប៉ុន្ដែ ពេល​ដាវីឌ​ពាក់​គ្រឿង​ចម្បាំង​ទាំង​នោះ​ហើយ រួច​ខំ​ដើរ​សាក​មើល គាត់​ឃើញ​ថា​មិន​ស្រួល​សម្រាប់​គាត់​សោះ។ ដាវីឌ​មិន​ធ្លាប់​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​ជា​ទាហាន​ទេ ម៉្លោះ​ហើយ គាត់​មិន​ចេះ​ពាក់​គ្រឿង​ចម្បាំង​ទាំង​នោះ​ឡើយ ជា​ពិសេស​គ្រឿង​ចម្បាំង​របស់​សុល​ដែល​ជា​បុរស​ខ្ពស់​បំផុត​ក្នុង​ស្រុក​អ៊ីស្រាអែល! (​សាំយូអែល​ទី១ ៩:២​) គាត់​ដោះ​គ្រឿង​ទាំង​នោះ​ចេញ ហើយ​ពាក់​សម្លៀក​បំពាក់​គង្វាល​ដែល​មាន​គ្រឿង​ប្រដាប់​សព្វ​គ្រប់​សម្រាប់​ការពារ​ហ្វូង​ចៀម​របស់​គាត់។—សាំយូអែល​ទី១ ១៧:៣៨​-​៤០

ដាវីឌ​កាន់​ដំបង​ឃ្វាល​ចៀម ហើយ​ស្ពាយ​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់​ដែរ។ ខ្សែ​ដង្ហក់​មើល​ទៅ​ដូច​ជា​សាមញ្ញ តែ​វា​ពិត​ជា​អាវុធ​ដ៏​ល្អ​មួយ។ ជា​ទូ​ទៅ ខ្សែ​ដង្ហក់​មាន​ថ្នក់​តូច​មួយ​នៅ​កណ្ដាល​ខ្សែ​ស្បែក​វែង​ពីរ ហើយ​នោះ​ជា​អាវុធ​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ពួក​គង្វាល​ចៀម។ ធម្មតា​គង្វាល​ដាក់​គ្រាប់​ក្រួស​ក្នុង​ថ្នក់​ខ្សែ​ដង្ហក់ ហើយ​គ្រវី​លើ​ក្បាល​យ៉ាង​លឿន បន្ទាប់​មក​គាត់​ពន្លែង​ខ្សែ​មួយ រួច​គ្រាប់​ក្រួស​នោះ​ក៏​ហោះ​ចំ​គោល​ដៅ​តែ​ម្ដង។ ដូច្នេះ ខ្សែ​ដង្ហក់​នេះ​ជា​អាវុធ​ដែល​មាន​ប្រសិទ្ធភាព​ណាស់ ហើយ​ជួន​កាល​ពួក​កង​ទាហាន​ក៏​ប្រើ​ដែរ។

ក្រោយ​ពី​ដាវីឌ​មាន​គ្រឿង​ប្រដាប់​អស់​ហើយ គាត់​ប្រញាប់​ចេញ​ទៅ​ជួប​សត្រូវ​របស់​គាត់។ នៅ​តាម​ផ្លូវ យើង​អាច​ស្រមៃ​ឃើញ​ថា​ដាវីឌ​បាន​អធិដ្ឋាន​អស់​ពី​ចិត្ដ កាល​ដែល​គាត់​ឈប់​នៅ​ត្រង់​ជ្រលង​មួយ​ដែល​រីង​ស្ងួត ហើយ​រើស​ថ្ម​រលីង​តូច​ៗ​ប្រាំ​គ្រាប់។ រួច​មក គាត់​មិន​បាន​ដើរ​ទៅ​វាល​សមរភូមិ​ទេ តែ​គាត់​រត់​ទៅ​តែ​ម្ដង!

ពេល​កូលីយ៉ាត​ឃើញ​សត្រូវ​មក តើ​គាត់​គិត​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ដ​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប​ឆោម​ស្រស់​ល្អ​»។ រួច​កូលីយ៉ាត​ស្រែក​គំហក​ឡើង​ថា​៖ ​«​តើ​អញ​ជា​ឆ្កែ​ឬ​អី​បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ​»។ កូលីយ៉ាត​ច្បាស់​ជា​បាន​ឃើញ​ដំបង​របស់​ដាវីឌ តែ​មិន​បាន​ចាប់​អារម្មណ៍​ថា​ដាវីឌ​កាន់​ខ្សែ​ដង្ហក់​ទេ។ កូលីយ៉ាត​ក៏​ចាប់​ផ្ដើម​ប្រទេច​ផ្ដាសា​ដាវីឌ​ដោយ​នូវ​ឈ្មោះ​របស់​ព្រះ​សាសន៍​ភីលីស្ទីន ថែម​ទាំង​ស្បថ​ថា​នឹង​បោះ​សាកសព​របស់​គាត់​ឲ្យ​សត្វ​ហើរ​និង​សត្វ​ព្រៃ​ស៊ី​ជា​ចំណី​ទៀត​ផង។—សាំយូអែល​ទី១ ១៧:៤១​-​៤៤

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទង្វើ​របស់​ដាវីឌ​បញ្ជាក់​អំពី​ជំនឿ​យ៉ាង​អស្ចារ្យ​ដែល​យើង​អាច​យក​តម្រាប់​តាម។ សូម​គិត​ទៅ​មើល យុវជន​រូប​នេះ​កំពុង​ស្រែក​ដាក់​កូលីយ៉ាត​ថា​៖ ​«​ចំណែក​ឯង​បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ​»។ ដោយ​ពោល​ពាក្យ​ដូច្នេះ ដាវីឌ​ដឹង​ថា​កម្លាំង​ខ្លាំង​ក្លា​និង​គ្រឿង​ចម្បាំង​របស់​មនុស្ស​មិន​សំខាន់​សោះ។ កូលីយ៉ាត​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ដូច្នេះ​លោក​នឹង​ប្រព្រឹត្ដ​តប​ចំពោះ​គាត់​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ដាវីឌ​និយាយ​ថា​៖ ​«​ចំ​បាំង​នេះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​វិញ​»។—សាំយូអែល​ទី១ ១៧:៤៥​-​៤៧

មិន​មែន​ដាវីឌ​មិន​ដឹង​ថា​កូលីយ៉ាត​មាន​មាឌ​ធំ ឬ​មាន​គ្រឿង​ចម្បាំង​នោះ​ទេ។ ប៉ុន្ដែ គាត់​មិន​ព្រម​ឲ្យ​អ្វី​ៗ​ទាំង​នោះ​មក​បំភ័យ​គាត់​ឡើយ។ ដាវីឌ​មិន​មាន​ទស្សនៈ​ដូច​សុល​និង​ពួក​កង​ទ័ព​របស់​គាត់​ទេ ហើយ​ដាវីឌ​ក៏​មិន​បាន​ប្រៀប​ធៀប​ខ្លួន​គាត់​ទៅ​នឹង​កូលីយ៉ាត​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​ប្រៀប​ធៀប​កូលីយ៉ាត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ទោះ​ជា​កូលីយ៉ាត​មាន​កម្ពស់​២,៩​ម៉ែត្រ ហើយ​ខ្ពស់​ជាង​បុរស​ឯ​ទៀត​ក៏​ដោយ តែ​បើ​ប្រៀប​នឹង​មហា​ក្សត្រ​នៃ​សកល​លោក​ទាំង​មូល តើ​គាត់​ធំ​ទេ? តាម​ពិត ដូច​មនុស្ស​ទាំង​អស់​ដែរ គាត់​ប្រៀប​ដូច​ជា​សត្វ​ល្អិត​មួយ​ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ កូលីយ៉ាត​ប្រៀប​ដូច​ជា​សត្វ​ល្អិត​មួយ​ដែល​ព្រះ​យេហូវ៉ា​ហៀបនឹង​បំផ្លាញ​ចោល!

ដាវីឌ​រត់​សំដៅ​ទៅ​រក​សត្រូវ ហើយ​យក​ថ្ម​មួយ​ចេញ​ពី​ថង់​យាម​របស់​គាត់​ដាក់​ចូល​ក្នុង​ថ្នក់​ខ្សែ​ដង្ហក់។ បន្ទាប់​មក គាត់​គ្រវី​ខ្សែ​ដង្ហក់​នោះ​រហូត​ដល់​ឮ​សំឡេង​វ៉ី​ត​ៗ។ ឯ​កូលីយ៉ាត​វិញ​ក៏​រត់​ពី​ក្រោយ​អ្នក​កាន់​ខែល​គាត់​សំដៅ​ទៅ​រក​ដាវីឌ​ដែរ។ ដោយ​សារ​កូលីយ៉ាត​ខ្ពស់​ពេក នេះ​ប្រហែល​ជា​ចំណុច​ខ្សោយ​របស់​គាត់​វិញ។ អ្នក​កាន់​ខែល​ការពារ​កូលីយ៉ាត​មាន​កម្ពស់​ធម្មតា នេះ​ពិបាក​ឲ្យ​គាត់​យក​ខែល​មក​ការពារ​ក្បាល​របស់​កូលីយ៉ាត​ណាស់។ ដូច្នេះ ត្រង់​ក្បាល​នោះ​ហើយ​ដែល​ដាវីឌ​កំពុង​តម្រង់​រក។—សាំយូអែល​ទី១ ១៧:៤១

ដាវីឌ​បាន​ឃើញ​ថា​ទោះ​ជា​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សម្បើម​យ៉ាង​ណា​ក៏​ដោយ តែ​បើ​ប្រៀប​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​គាត់​តូច​ណាស់

ឃើញ​ឱកាស​ល្អ​ដូច​នោះ ដាវីឌ​បាន​ពន្លែង​ខ្សែ​ដង្ហក់​ហើយ​ដុំ​ថ្ម​ក្នុង​ខ្សែ​នោះ​ក៏​បោះ​ពួយ​យ៉ាង​លឿន​តម្រង់​ទៅ​គោល​ដៅ។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​បាន​ជួយ​ដាវីឌ ពី​ព្រោះ​គាត់​បាន​ប្រើ​ដុំ​ថ្ម​តែ​មួយ​ប៉ុណ្ណោះ។ ពិត​មែន ដុំ​ថ្ម​នោះ​ត្រូវ​ចំ​ត្រង់​ថ្ងាស​កូលីយ៉ាត ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស រួច​គាត់​ដួល​ផ្កាប់​មុខ​នៅ​នឹង​ដី! ឃើញ​ដូច​នោះ​អ្នក​កាន់​ខែល​ឲ្យ​គាត់​ទំនង​ជា​រត់​ចេញ​ដោយ​ភ័យ​ខ្លាច។ បន្ទាប់​មក ដាវីឌ​ចូល​ទៅ​ជិត​កូលីយ៉ាត ហើយ​ចាប់​ហូត​ដាវ​របស់​កូលីយ៉ាត រួច​កាត់​ក្បាល​បុរស​មាឌ​ធំ​សម្បើម​នោះ​ទៅ។—សាំយូអែល​ទី១ ១៧:៤៨​-​៥១

ឃើញ​ដូច​នោះ សុល​និង​ពួក​ទាហាន​របស់​គាត់​ចាប់​ផ្ដើម​មាន​ចិត្ដ​ក្លាហាន​ឡើង​វិញ។ ពួក​គេ​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង ហើយ​ក៏​ប្រញាប់​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។ ចម្បាំង​នោះ​បាន​បញ្ចប់​ដូច​ដែល​ដាវីឌ​បាន​ប្រាប់​កូលីយ៉ាត​ថា​៖ ​«​ព្រះ​យេហូវ៉ា . . . នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​យើង​»។—សាំយូអែល​ទី១ ១៧:៤៧, ៥២, ៥៣

នៅ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​របស់​ព្រះ​មិន​ចូល​រួម​ក្នុង​សង្គ្រាម​ទៀត​ទេ។ (​ម៉ាថាយ ២៦:៥២​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​យក​តម្រាប់​ជំនឿ​របស់​ដាវីឌ។ ដូច​គាត់​ដែរ យើង​ត្រូវ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត គឺ​ជា​ព្រះ​តែ​មួយ​គត់​ដែល​យើង​ត្រូវ​បម្រើ​និង​គោរព​កោត​ខ្លាច។ ពេល​ខ្លះ យើង​ប្រហែល​ជា​ឃើញ​ថា​បញ្ហា​ដែល​យើង​មាន​នោះ​គឺ​ធំ​ណាស់ តែ​បើ​ប្រៀប​ជា​មួយ​នឹង​ឫទ្ធានុភាព​ដ៏​គ្មាន​កម្រិត​របស់​ព្រះ​យេហូវ៉ា នោះ​បញ្ហា​របស់​យើង​គឺ​តូច​មែន​ទែន។ បើ​យើង​ជ្រើស​រើស​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ព្រះ​របស់​យើង ហើយ​មាន​ជំនឿ​លើ​លោក​ដូច​ដាវីឌ នោះ​យើង​នឹង​មិន​ភ័យ​ខ្លាច​ទុក្ខ​លំបាក ឬ​បញ្ហា​ណា​មួយ​ដែល​យើង​ជួប​ប្រទះ​ឡើយ។ គ្មាន​អ្វី​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​មិន​អាច​យក​ឈ្នះ​បាន​នោះ​ទេ!