លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០៨

អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា

អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង។ ហេតុ​អ្វី? លោក​សង្ឃឹម​ថា​ពេល​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​គុណ​សម្បត្តិ ការ​ប្រព្រឹត្ត និង​គោល​បំណង​របស់​លោក នោះ​អ្នក​នឹង​កាន់​តែ​ចង់​ធ្វើ​ជា​មិត្ត​របស់​លោក។ តើ​អ្នក​ពិត​ជា​អាច​ជឿ​បាន​ទេ​ថា អ្នក​អាច​ធ្វើ​ជា​មិត្ត​របស់​លោក? (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៥:១៤​) តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទៅ​ជា​មិត្ត​របស់​លោក? គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ហើយ​ក៏​ប្រាប់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​គឺ​ជា​មិត្ត​ល្អ​បំផុត​ដែល​អ្នក​អាច​មាន។

១. តើ​ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី?

ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ លោក​អញ្ជើញ​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​»។ (​យ៉ាកុប ៤:៨​) តើ​នេះ​មាន​អត្ថន័យ​អ្វី? ព្រះ​យេហូវ៉ា​កំពុង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ជា​មិត្ត​របស់​លោក។ អ្នក​ខ្លះ​ពិបាក​ជឿ​ថា​ពួក​គេ​អាច​ធ្វើ​ជា​មិត្ត​របស់​ព្រះ ដោយ​សារ​ពួក​គេ​មើល​លោក​មិន​ឃើញ។ អ្នក​ខ្លះ​ទៀត​គិត​ថា ការ​ចាត់​ទុក​ព្រះ​ជា​មិត្ត​គឺ​មិន​បង្ហាញ​ការ​គោរព​ទេ។ ប៉ុន្តែ ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ព័ត៌មាន​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​ដឹង​អំពី​គុណ​សម្បត្តិ​របស់​លោក និង​ដើម្បី​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក។ ពេល​យើង​អាន​ព័ត៌មាន​ក្នុង​គម្ពីរ​ដែល​មក​ពី​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក ទោះ​ជា​យើង​មើល​លោក​មិន​ឃើញ​ក៏​ដោយ។

២. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​ល្អ​បំផុត​ដែល​អ្នក​អាច​មាន?

គ្មាន​អ្នក​ណា​ស្រឡាញ់​អ្នក​ខ្លាំង​ដូច​ព្រះ​យេហូវ៉ា​ទេ។ លោក​ចង់​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​ចង់​ឲ្យ​អ្នក​អធិដ្ឋាន​ទៅ​លោក​នៅ​ពេល​ណា​ដែល​អ្នក​ត្រូវ​ការ​ឲ្យ​លោក​ជួយ។ អ្នក​អាច​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​»។ (​ពេត្រុស​ទី​១ ៥:៧​) ព្រះ​យេហូវ៉ា​តែង​តែ​នៅ​ចាំ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត សម្រាល​ទុក្ខ និង​ស្ដាប់​អ្វី​ដែល​មិត្ត​សម្លាញ់​របស់​លោក​និយាយ​ជា​និច្ច។​—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៤:១៨, ១៩

៣. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ត​សម្លាញ់​របស់​លោក​ធ្វើ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ទាំង​អស់ ​«​តែ​លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​មនុស្ស​ទៀង​ត្រង់​»។ (​សុភាសិត ៣:៣២​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ត​របស់​លោក​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​លោក និង​ចង់​ឲ្យ​ពួក​គេ​ជៀស​វាង​ពី​អ្វី​ដែល​លោក​ចាត់​ទុក​ថា​អាក្រក់។ មនុស្ស​ខ្លះ​គិត​ថា​ពួក​គេ​មិន​អាច​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់​បាន​ទេ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ចេះ​យោគ​យល់។ លោក​ព្រម​ទទួល​យក​មនុស្ស​គ្រប់​រូប​ដែល​ពិត​ជា​ស្រឡាញ់​លោក និង​ដែល​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។​—ចម្រៀង​សរសើរ​ព្រះ ១៤៧:១១; សកម្មភាព ១០:៣៤, ៣៥

បង្កើន​ចំណេះ

សូម​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​សូម​ស្វែង​យល់​អំពី​មូលហេតុ​ដែល​លោក​ជា​មិត្ត​សម្លាញ់​ល្អ​បំផុត​ដែល​អ្នក​អាច​មាន។

៤. អាប្រាហាំ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា

កំណត់​ហេតុ​គម្ពីរ​អំពី​អាប្រាហាំ (​ឬ​ហៅ​ថា​អាប់រ៉ាម​) ជួយ​យើង​ឲ្យ​យល់​ថា​ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ។ សូម​អាន​អំពី​អាប្រាហាំ នៅ​សៀវភៅ​ដើម​កំណើត ១២:១​-​៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ឲ្យ​ធ្វើ​អ្វី?

  • តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ចំពោះ​គាត់?

  • ពេល​ព្រះ​យេហូវ៉ា​បង្គាប់​អាប្រាហាំ តើ​អាប្រាហាំ​បាន​ធ្វើ​យ៉ាង​ណា?

៥. តើ​ព្រះ​យេហូវ៉ា​សុំ​មិត្ត​សម្លាញ់​របស់​លោក​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

ជា​ធម្មតា យើង​រំពឹង​ថា​មិត្ត​របស់​យើង​នឹង​ធ្វើ​អ្វី​មួយ​ចំនួន។

  • តើ​អ្នក​ចូល​ចិត្ត​ឲ្យ​មិត្ត​របស់​អ្នក​ធ្វើ​អ្វី​ខ្លះ?

សូម​អាន យ៉ូហាន​ទី​១ ៥:៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ត​របស់​លោក​ធ្វើ​អ្វី?

ដើម្បី​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​ឬ​បុគ្គលិក​លក្ខណៈ​ខ្លះ​របស់​យើង។ សូម​អាន អេសាយ ៤៨:១៧, ១៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សុំ​មិត្ត​របស់​លោក​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក?

មិត្ត​ល្អ​តែង​រំលឹក​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​ការ​ពារ​យើង និង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍។ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ដូច​គ្នា​ចំពោះ​មិត្ត​របស់​លោក​ដែរ

៦. តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​មិត្ត​លោក?

ព្រះ​យេហូវ៉ា​ជួយ​មិត្ត​របស់​លោក​ឲ្យ​ស៊ូ​ទ្រាំ​បញ្ហា​ផ្សេង​ៗ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ស្ត្រី​ម្នាក់​ក្នុង​វីដេអូ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​តាម​របៀប​ណា?

សូម​អាន អេសាយ ៤១:១០, ១៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ធ្វើ​អ្វី​សម្រាប់​មិត្ត​ទាំង​អស់​របស់​លោក?

  • បើ​ព្រះ​យេហូវ៉ា​ជា​មិត្ត តើ​អ្នក​គិត​ថា​លោក​ជា​មិត្ត​ល្អ​ឬ​ទេ? ហេតុ​អ្វី?

មិត្ត​សម្លាញ់​នឹង​ជួយ​អ្នក​ពេល​ដែល​អ្នក​ត្រូវ​ការ​ជំនួយ ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​អ្នក​ដែរ

៧. ដើម្បី​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​លោក

ពេល​មិត្ត​ភក្តិ​និយាយ​ជា​មួយ​គ្នា ពួក​គេ​កាន់​តែ​ជិត​ស្និទ្ធ​គ្នា។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៨៦:​៦, ១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​យើង​អាច​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

  • តើ​ព្រះ​យេហូវ៉ា​និយាយ​មក​កាន់​យើង​តាម​របៀប​ណា?

យើង​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ លោក​និយាយ​មក​កាន់​យើង​តាម​រយៈ​គម្ពីរ

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​មិន​អាច​ទៅ​រួច​ទេ​ដែល​មនុស្ស​យើង​អាច​ធ្វើ​ជា​មិត្ត​ជា​មួយ​នឹង​ព្រះ​»។

  • តើ​អ្នក​ចង់​បង្ហាញ​បទ​គម្ពីរ​មួយ​ណា​ដែល​ថា​យើង​អាច​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ចង់​ធ្វើ​ជា​មិត្ត​របស់​អ្នក ហើយ​លោក​ចង់​ជួយ​អ្នក​ឲ្យ​ចូល​មក​ជិត​លោក។

រៀន​សា​ឡើង​វិញ

  • តើ​ព្រះ​យេហូវ៉ា​ជួយ​មិត្ត​របស់​លោក​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រាប់​មិត្ត​របស់​លោក​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ?

  • តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ច្រើន​ពេក​ពី​មិត្ត​របស់​លោក​ឬ​ទេ? ហេតុ​អ្វី?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​ការ​ធ្វើ​ជា​មិត្ត​របស់​ព្រះ​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​យ៉ាង​ដូច​ម្ដេច?

«​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មនុស្ស​គួរ​ស្គាល់​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៣​)

សូម​ស្វែង​យល់​អំពី​មូលហេតុ​ដែល​ស្ត្រី​ម្នាក់​មាន​អារម្មណ៍​ថា​ការ​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជីវិត​នាង។

«​ខ្ញុំ​មិន​ចង់​ស្លាប់​ទេ!​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០១៧​)

សូម​ស្ដាប់​ប្អូន​ៗ​វ័យ​ក្មេង​ប្រាប់​អារម្មណ៍​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។

តើ​ការ​ធ្វើ​ជា​មិត្ត​របស់​ព្រះ​មាន​អត្ថន័យ​យ៉ាង​ណា? (១:៤៦)