លោតទៅអត្ថបទ

តើក្នុងន័យអ្វីថ្លៃលោះរបស់លោកយេស៊ូអាច«លោះមនុស្សជាច្រើន»?

តើក្នុងន័យអ្វីថ្លៃលោះរបស់លោកយេស៊ូអាច«លោះមនុស្សជាច្រើន»?

ចម្លើយ​ពី​គម្ពីរ

 ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​លះ​បង់​ជីវិត គឺ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ​ឲ្យ​រួច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ គម្ពីរ​បាន​រៀប​រាប់​ថា​ឈាម​របស់​លោក​យេស៊ូ​ជា​ថ្លៃ​លោះ។ (​អេភេសូរ ១:៧; ពេត្រុស​ទី​១ ១:១៨, ១៩​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា លោក​មក​ដើម្បី​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​»។—ម៉ាថាយ ២០:២៨

ហេតុ​អ្វី​ចាំ​បាច់​ត្រូវ​ការ​«​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​»​?

 អាដាម​ជា​បុរស​ដំបូង​បាន​ត្រូវ​បង្កើត​មក​យ៉ាង​ល្អ​ឥត​ខ្ចោះ ឬ​គ្មាន​ភាព​ខុស​ឆ្គង​សោះ។ គាត់​មាន​ឱកាស​រស់​ជា​រៀង​រហូត តែ​គាត់​បាន​បាត់​បង់​ឱកាស​នោះ ដោយ​សារ​គាត់​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ។ (​ដើម​កំណើត ៣:១៧​-​១៩​) ពេល​គាត់​មាន​កូន គាត់​បាន​ចម្លង​ភាព​ខុស​ឆ្គង​ទៅ​ឲ្យ​កូន​ៗ​របស់​គាត់។ (​រ៉ូម ៥:១២​) ដោយ​សារ​មូលហេតុ​នេះ គម្ពីរ​បញ្ជាក់​ថា​អាដាម​បាន​«​លក់​»​ខ្លួន​គាត់​និង​កូន​ចៅ​របស់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​រ៉ូម ៧:១៤​) គ្មាន​កូន​ចៅ​ណា​ម្នាក់​របស់​អាដាម​អាច​ទិញ​នូវ​អ្វី​ដែល​អាដាម​បាន​បាត់​បង់​មក​វិញ​ទេ ដោយ​សារ​ពួក​គេ​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។—ចម្រៀង​សរសើរ​ព្រះ ៤៩:៧, ៨

 ព្រះ​អាណិត​មេត្តា​ដល់​កូន​ចៅ​របស់​អាដាម​ដែល​ស្ថិត​នៅ​ក្នុង​ភាព​អស់​សង្ឃឹម។ (​យ៉ូហាន ៣:១៦​) ក៏​ប៉ុន្តែ ខ្នាត​តម្រា​ដ៏​យុត្តិធម៌​របស់​ព្រះ​ធ្វើ​ឲ្យ​លោក​មិន​អាច​មើល​រំលង​កំហុស​ឬ​អភ័យ​ទោស​ឲ្យ​ភាព​ខុស​ឆ្គង​របស់​មនុស្ស ដោយ​មិន​ធ្វើ​អ្វី​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ឬ​ខ្នាត​តម្រា​របស់​លោក​ឡើយ។ (​ចម្រៀង​សរសើរ​ព្រះ ៨៩:១៤; រ៉ូម ៣:២៣​-​២៦​) ព្រះ​ស្រឡាញ់​មនុស្សជាតិ ដូច្នេះ​លោក​បាន​ផ្ដល់​នូវ​វិធី​ដ៏​ល្អ​ស្រប​តាម​ច្បាប់ នោះ​មិន​គ្រាន់​តែ​ដើម្បី​អភ័យ​ទោស​ឲ្យ​ភាព​ខុស​ឆ្គង​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​បំផ្លាញ​ចោល​ភាព​ខុស​ឆ្គង​ឲ្យ​សាប​សូន្យ​ទៅ។ (​រ៉ូម ៥:៦​-​៨​) ម្ល៉ោះ​ហើយ ថ្លៃ​លោះ​គឺ​ជា​វិធី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ។

តើ​ថ្លៃ​លោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

 ក្នុង​គម្ពីរ​ពាក្យ​«​ថ្លៃ​លោះ​»​រួម​បញ្ចូល​ចំណុច​បី​យ៉ាង​៖

  1.  ១. ជា​តម្លៃ​ដែល​ត្រូវ​បង់។—ជំរឿន​បណ្ដា​ជន ៣:៤៦, ៤៧

  2.  ២. ជា​តម្លៃ​ដែល​នាំ​ឲ្យ​មាន​ការ​រំដោះ ឬ​ដោះ​លែង។—ដំណើរ​ចាក​ចេញ ២១:៣០

  3.  ៣. ជា​តម្លៃ​ដែល​ត្រូវ​ស្មើ​នឹង​តម្លៃ​ដែល​ត្រូវ​បង់ ឬ​ដើម្បី​គ្រប​បាំង។ a

 សូម​យើង​ពិចារណា​មើល​ចំណុច​បី​យ៉ាង​នេះ​ទាក់​ទង​គ្នា​យ៉ាង​ណា​នឹង​ការ​លះបង់​ជីវិត​របស់​លោក​យេស៊ូ​គ្រិស្ត។

  1.  ១. ត្រូវ​បង់។ គម្ពីរ​រៀប​រាប់​ថា​គ្រិស្ត​សាសនិក​«​បាន​ត្រូវ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ណាស់​»។ (​កូរិនថូស​ទី​១ ៦:២០; ៧:២៣​) តម្លៃ​នោះ​គឺ​ជា​ឈាម​របស់​លោក​យេស៊ូ ដែល​លោក​«​បាន​ទិញ​មនុស្ស​សម្រាប់​ព្រះ ជា​មនុស្ស​ពី​គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា គ្រប់​ពូជ​សាសន៍ និង​គ្រប់​ប្រជា​ជាតិ​»។—ការ​បើក​បង្ហាញ ៥:៨, ៩

  2.  ២. ការ​រំដោះ។ ការ​លះបង់​ជីវិត​របស់​លោក​យេស៊ូ គឺ​ដើម្បី​«​រំដោះ​យើង​»​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង។—កូរិនថូស​ទី​១ ១:៣០; កូឡុស ១:១៤; ហេប្រឺ ៩:១៥

  3.  ៣. ត្រូវ​ស្មើ។ ជីវិត​ដែល​លោក​យេស៊ូ​បាន​លះ​បង់​គឺ​មាន​តម្លៃ​ស្មើ​នឹង​អ្វី​ដែល​អាដាម​បាន​បាត់​បង់ ពោល​គឺ​ជីវិត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្នាក់។ (​កូរិនថូស​ទី​១ ១៥:២១, ២២, ៤៥, ៤៦​) គម្ពីរ​ចែង​ថា​៖​«​ដូច​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​បុរស​ម្នាក់​នោះ[​អាដាម​]មិន​បាន​ស្ដាប់​បង្គាប់ នោះ​មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​នេះ[​យេស៊ូ​គ្រិស្ត​]បាន​ស្ដាប់​បង្គាប់​»។ (​រ៉ូម ៥:១៩​) ខ​នេះ​ពន្យល់​អំពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​ស្លាប់ អាច​បង់​ថ្លៃ​លោះ​សម្រាប់​ភាព​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន។ តាម​ពិត ការ​លះបង់​ជីវិត​របស់​លោក​យេស៊ូ​គឺ​ជា​«​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ទាំង​អស់​»​ ដែល​ចាត់​វិធាន​ការ​ធ្វើ​តាម​ជំហាន​សំខាន់​ផ្សេង​ៗ​ដើម្បី​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នោះ។—ធីម៉ូថេ​ទី​១ ២:៥, ៦

a ក្នុង​គម្ពីរ​ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ថ្លៃ​លោះ​»​ បញ្ជាក់​នូវ​គំនិត​អំពី​តម្លៃ ឬ​អ្វី​ដ៏​មាន​តម្លៃ​ដែល​ត្រូវ​បង់។ ជា​ឧទាហរណ៍ កិរិយាសព្ទ​ភាសា​ហេប្រឺ​កាហ្វា​(​ka·phar​ʹ​) មាន​ន័យ​ថា​«​គ្រប​បាំង​»។ (​ដើម​កំណើត ៦:១៤​) ជា​ទូទៅ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​ការ​គ្រប​បាំង​ភាព​ខុស​ឆ្គង។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:៣​) នាម​ដែល​ទាក់​ទង​នឹង​ពាក្យ​នោះ​គឺ​កូហ្វើ​(​ko​ʹ​pher​) សំដៅ​ទៅ​លើ​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​គ្រប​បាំង​ទាំង​ស្រុង ឬ​ដោះ​លែង។ (​ដំណើរ​ចាក​ចេញ ២១:៣០​) ស្រដៀង​គ្នា​ដែរ ពាក្យ​ភាសា​ក្រិច​លីត្រន​(​ly​ʹ​tron​)​«​ថ្លៃ​លោះ​»​ ក៏​អាច​បក​ប្រែ​ថា​«​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​ដោះ​លែង​»​ដែរ។ (​ម៉ាថាយ ២០:២៨​) អ្នក​និពន្ធ​ជន​ជាតិ​ក្រិច​បាន​ប្រើ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​តម្លៃ​ដែល​ត្រូវ​បង់​ដើម្បី​លោះ​អ្នក​ទោស​សង្គ្រាម ឬ​ដើម្បី​ដោះ​លែង​ខ្ញុំ​បម្រើ។