លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើតាមការព្រមានដើម្បីអាចរួចរស់ជីវិត!

ចូរធ្វើតាមការព្រមានដើម្បីអាចរួចរស់ជីវិត!

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០០៤ មាន​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ដែល​មាន​កម្រិត​៩,១​រិចទ័រ បាន​ធ្វើ​ឲ្យ​ញ័រ​កក្រើក​កោះ​ស៊ីមឺលូ​ដែល​នៅ​ខាង​ជើង​ឆៀង​ខាង​លិច​កោះ​ស៊ូម៉ាត្រា​ប្រទេស​ឥណ្ឌូណេស៊ី។ មនុស្ស​ទាំង​អស់​ដែល​នៅ​លើ​ឆ្នេរ​កោះ​នោះ​បាន​មើល​ទៅ​សមុទ្រ ហើយ​ឃើញ​ថា​ទឹក​សមុទ្រ​នាច​ទៅ​វិញ​ខុស​ពី​ធម្មតា។ ស្រាប់​តែ​ភ្លាម​ៗ​នោះ ពួក​គេ​ទាំង​អស់​គ្នា​ក៏​ប្រញាប់​ប្រញាល់​រត់​យ៉ាង​លឿន​ទៅ​ទី​ខ្ពស់ ហើយ​ស្រែក​ឡើង​ថា​៖ ​«​ស្មូង! ស្មូង!​»​ ជា​ភាសា​តំបន់​នោះ​ដែល​មាន​ន័យ​ថា​ស៊ូណាមី។ ក្នុង​រយៈ​ពេល​តែ​៣០​នាទី​ប៉ុណ្ណោះ កម្លាំង​រលក​ដ៏​ខ្លាំង​បាន​បោក​ផ្ទប់​មក​លើ​ឆ្នេរ ហើយ​បំផ្លាញ​ផ្ទះ​និង​ភូមិ​ស្ទើរតែ​ទាំង​អស់។

កោះ​ស៊ីមឺលូ​ជា​កន្លែង​ដំបូង​គេ​ដែល​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​រលក​យក្ស​ស៊ូណាមី។ ក៏​ប៉ុន្តែ ក្នុង​ចំណោម​ប្រជាជន​៧៨.០០០​នាក់ មាន​តែ​៧​នាក់​ប៉ុណ្ណោះ​ដែល​បាន​បាត់​បង់​ជីវិត។ ហេតុ​អ្វី​មនុស្ស​តិច​ម្ល៉េះ​បាន​ស្លាប់? a ពី​ព្រោះ​មាន​សុភាសិត​មួយ​របស់​អ្នក​កោះ​នោះ​ថា​៖ ‹បើ​ឃើញ​ដី​រញ្ជួយ ហើយ​ទឹក​សមុទ្រ​នាច​ទៅ​វិញ ចូរ​រត់​ទៅ​កន្លែង​ខ្ពស់ ព្រោះ​មិន​យូរ​ទេ​ទឹក​នោះ​នឹង​បោក​ផ្ទប់​មក​លើ​ឆ្នេរ​ជា​មិន​ខាន›។ តាម​រយៈ​បទ​ពិសោធន៍​ពី​អតីតកាល មនុស្ស​ដែល​រស់​នៅ​កោះ​ស៊ីមឺលូ​បាន​រៀន​ដឹង​ថា​ពេល​ដែល​នីវ៉ូ​ទឹក​សមុទ្រ​មាន​ការ​ផ្លាស់​ប្ដូរ​ភ្លាម នោះ​ជា​សញ្ញា​ប្រាប់​ថា​ស៊ូណាមី​ជិត​មក​ដល់​ហើយ។ ដូច្នេះ ពេល​ពួក​គេ​ធ្វើ​តាម​ការ​ព្រមាន​ទុក​ជា​មុន ពួក​គេ​ពិត​ជា​បាន​រួច​រស់​ជីវិត​មែន។

ក្នុង​គម្ពីរ​បរិសុទ្ធ​បាន​និយាយ​អំពី​មហន្តរាយ​ឬ​ទុក្ខ​វេទនា​មួយ​ដែល​កំពុង​ជិត​មក​ដល់ ដោយ​ប្រាប់​ថា​៖ ​«​នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ​»។ (​ម៉ាថាយ ២៤:២១​) ប៉ុន្តែ មហន្តរាយ​នេះ​មិន​មែន​ជា​ការ​បំផ្លាញ​ចោល​ផែន​ដី​ដោយ​សារ​ស្នា​ដៃ​របស់​មនុស្ស ឬ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ​ណា​មួយ​ឡើយ ពី​ព្រោះ​ព្រះ​មាន​គោល​បំណង​ឲ្យ​ផែន​ដី​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។ (​សាស្ដា ១:៤​) ផ្ទុយ​ទៅ​វិញ ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​ជិត​មក​ដល់​នោះ គឺ​ជា​ទង្វើ​របស់​ព្រះ​ដើម្បី​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែន​ដី​»។ ព្រះ​នឹង​បំផ្លាញ​ចោល​មនុស្ស​អាក្រក់​ហើយ​បំបាត់​ការ​ឈឺ​ចាប់​ទាំង​អស់។ (​ការ​បើក​បង្ហាញ ១១:១៨; សុភាសិត ២:២២​) ពេល​នោះ​ពិត​ជា​ពេល​ដ៏​អស្ចារ្យ​មែន!

បន្ថែម​ទៀត ការ​បំផ្លាញ​ចោល​ដែល​ជិត​មក​ដល់​នេះ​ខុស​គ្នា​ពី​ស៊ូណាមី ការ​រញ្ជួយ​ដី ឬ​ការ​ផ្ទុះ​ភ្នំ​ភ្លើង ពី​ព្រោះ​ការ​បំផ្លាញ​នេះ​នឹង​មិន​នាំ​ឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ឡើយ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»​ ហើយ​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ លោក​បាន​សន្យា​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ (​យ៉ូហាន​ទី១ ៤:៨; ទំនុក​តម្កើង ៣៧:២៩​) ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​រួច​រស់​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ទទួល​ពរ​តាម​សេចក្ដី​សន្យា​របស់​ព្រះ? កត្ដា​សំខាន់​គឺ: ចូរ​ធ្វើ​តាម​ការ​ព្រមាន​ដែល​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន!

ចូរ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ!

យើង​មិន​អាច​ដឹង​អំពី​ពេល​កំណត់​នៃ​ទី​បញ្ចប់​របស់​មនុស្ស​អាក្រក់​និង​ទុក្ខ​វេទនា​បាន​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ។ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​»។ យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​បាន​លើក​ទឹកចិត្ត​យើង​ថា​៖ ​«​ចូរ​ចាំ​យាម​»។ (​ម៉ាថាយ ២៤:៣៦; ២៥:១៣​) តើ​យើង​ចាំ​យាម​អំពី​អ្វី? គម្ពីរ​ប្រាប់​យើង​អំពី​ព្រឹត្ដិការណ៍​ឬ​ស្ថានភាព​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​ក្នុង​ពិភព​លោក មុន​ដែល​ព្រះ​នាំ​ឲ្យ​មា​នទី​បញ្ចប់។ ដូច​ទឹក​សមុទ្រ​នាច​ខុស​ពី​ធម្មតា បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កោះ​ស៊ីមឺលូ​ដឹង​ថា​ស៊ូណាមី​ជិត​មក​ដល់​ហើយ នោះ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​នឹង​នាំ​ឲ្យ​ពិភព​លោក​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ក៏​ជា​សញ្ញា​ប្រាប់​យើង​ឲ្យ​ដឹង​ដែរ​ថា​ទី​បញ្ចប់​ជិត​មក​ដល់​ហើយ។ ប្រអប់​ក្នុង​អត្ថបទ​នេះ​ប្រាប់​យើង​អំពី​ព្រឹត្ដិការណ៍​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នោះ។

ពិត​មែន​តែ​ធ្លាប់​មាន​ព្រឹត្ដិការណ៍​ខ្លះ​ក្នុង​ប្រអប់​នេះ​បាន​កើត​ឡើង​ដោយ​ឡែក​ពី​គ្នា តែ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ពេល​ដែល​«​ការ​ទាំង​អស់​នេះ​»​កើត​ឡើង នោះ​យើង​នឹង​ដឹង​ថា​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់​ហើយ។ (​ម៉ាថាយ ២៤:៣៣​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​នៅ​ពេល​ណា​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​ការ​ទាំង​អស់​នេះ​ក្នុង​គម្ពីរ​បាន (​១​) កើត​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក (​២​) កើត​ឡើង​នៅ​ពេល​ដំណាល​គ្នា និង(​៣​) កើត​ឡើង​កាន់​តែ​អាក្រក់​យ៉ាង​ខ្លាំង?›។ ពិត​ណាស់ នៅ​សព្វ​ថ្ងៃ​នេះ យើង​ពិត​ជា​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់​មែន។

នេះ​ជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ម្នាក់​និយាយ​ថា​៖ ​«​ការ​ព្រមាន​ទុក​ជា​មុន . . . ប្រាកដ​ជា​សង្គ្រោះ​ជីវិត​មនុស្ស​»។ ក្រោយ​ពី​មាន​រលក​យក្ស​ស៊ូណាមី​ក្នុង​ឆ្នាំ​២០០៤ នោះ​ប្រព័ន្ធ​ប្រកាស​អាសន្ន​មួយ​បាន​ត្រូវ​រៀប​ចំ​ឡើង ដើម្បី​ព្រមាន​ប្រជាជន​នៅ​តំបន់​ទាំង​នោះ​ទុក​ជា​មុន។ ជា​លទ្ធផល មនុស្ស​អាច​ជៀស​វាង​ពី​ការ​បាត់​បង់​ជីវិត​ដូច​មុន​ទៀត។ ស្រដៀង​គ្នា​ដែរ ព្រះ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ព្រមាន​ទុក​ជា​មុន​ដើម្បី​សង្គ្រោះ​ជីវិត​យើង មុន​ដែល​ទី​បញ្ចប់​មក​ដល់។ ជា​ឧទាហរណ៍ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

គ្រាន់​តែ​ឆ្នាំ​មុន​នេះ សាក្សី​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​ជាង​១,៩​ពាន់​លាន​ម៉ោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​២៤០​ប្រទេស និង​ជាង​៧០០​ភាសា។ នៅ​សព្វ​ថ្ងៃ​នេះ ការ​ជឿន​ទៅ​មុខ​យ៉ាង​ខ្លាំង​ខាង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ភ័ស្តុតាង​រឹង​មាំ​ដែល​បញ្ជាក់​កាន់​តែ​ច្បាស់​ថា​ទី​បញ្ចប់​គឺ​ជិត​មក​ដល់​ហើយ។ ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ជិត​ខាង ពួក​គេ​ខំ​ព្យាយាម​ព្រមាន​មនុស្ស​ឯ​ទៀត​អំពី​ថ្ងៃ​វិនិច្ឆ័យ​របស់​ព្រះ​ដែល​មក​កាន់​តែ​កៀក​ណាស់ហើយ។ (​ម៉ាថាយ ២២:៣៩​) តាម​ពិត​ការ​ព្រមាន​នេះ​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក ហើយ​នេះ​ក៏​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក។ សូម​ចាំ​ថា​«​[​ព្រះ​]មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​ពេត្រុស​ទី២ ៣:៩​) តើ​អ្នក​នឹង​ស្រឡាញ់​ព្រះ​វិញ​ហើយ​ធ្វើ​តាម​ការ​ព្រមាន​ដែល​លោក​បាន​ប្រាប់​ទុក​ជា​មុន​ឬ​ទេ?

ចូរ​រត់​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព!

សូម​ចាំ​ថា ពេល​ដែល​ពួក​អ្នក​រស់​នៅ​តាម​ឆ្នេរ​កោះ​ស៊ីមឺលូ​បាន​ឃើញ​ទឹក​សមុទ្រ​នាច​ទៅ​វិញ​ខុស​ពី​ធម្មតា នោះ​ពួក​គេ​បាន​រត់​ទៅ​រក​កន្លែង​ខ្ពស់​ដើម្បី​មាន​សុវត្ថិភាព ពួក​គេ​មិន​បាន​រង់​ចាំ​ទាល់​តែ​ទឹក​សមុទ្រ​ជោរ​មក​វិញ​ទេ។ ដោយ​សារ​ពួក​គេ​បាន​ចាត់​វិធានការ​ភ្លាម​ៗ​នោះ​បាន​សង្គ្រោះ​ជីវិត​ពួក​គេ។ ដើម្បី​អ្នក​អាច​រួច​រស់​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង អ្នក​ត្រូវ​តែ​រត់​ទៅ​កន្លែង​ដែល​ខ្ពស់​ក្នុង​ន័យ​ធៀប មុន​ដែល​ហួស​ពេល។ តើ​តាម​របៀប​ណា? ព្រះ​បាន​ដឹក​នាំ​អ្នក​ប្រកាស​ទំនាយ​អេសាយ​ឲ្យ​កត់​ទុក​នូវ​សេចក្ដី​អញ្ជើញ​ដ៏​គួរ​ឲ្យ​ជំរុញ​ចិត្ត​ក្នុង​អំឡុង​ថ្ងៃ​«​ជាន់​ក្រោយ​បង្អស់​»​ ជា​គ្រា​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ គាត់​សរសេរ​ថា​៖ ​«​ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា . . . ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ​»។—អេសាយ ២:២, ៣

ជា​ធម្មតា ការ​ឡើង​ទៅ​លើ​ភ្នំ​អាច​ជួយ​យើង​ឲ្យ​មាន​សុវត្ថិភាព និង​អាច​មើល​ឃើញ​អ្វី​ៗ​ដែល​កើត​ឡើង​នៅ​ខាង​ក្រោម។ ស្រដៀង​គ្នា​ដែរ តាម​រយៈ​គម្ពីរ មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​កំពុង​រៀន​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ ហើយ​ទទួល​ប្រយោជន៍​ដោយ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ពួក​គេ​ឲ្យ​ប្រសើរ​ឡើង។ (​ធីម៉ូថេ​ទី២ ៣:១៦, ១៧​) ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម‹ដើរ​តាម​ផ្លូវ​របស់​ព្រះ› ហើយ​ទទួល​ការ​ពេញ​ចិត្ត​និង​ការ​ការពារ​ពី​លោក។

តើ​អ្នក​ចង់​ទទួល​យក​សេចក្ដី​អញ្ជើញ​នោះ ហើយ​ឲ្យ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ការពារ​អ្នក​នៅ​គ្រា​លំបាក​នេះ​ឬ​ទេ? យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពិនិត្យ​មើល​ភ័ស្តុតាង​ច្បាស់​លាស់​ពី​គម្ពីរ​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ដែល​មាន​ក្នុង​ប្រអប់​អត្ថបទ​នេះ។ សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​របស់​អ្នក សប្បាយ​ចិត្ត​ជួយ​អ្នក​ឲ្យ​យល់​ថែម​ទៀត​អំពី​បទ​គម្ពីរ និង​របៀប​អនុវត្ត​ផង​ដែរ។ ម្យ៉ាង​ទៀត អ្នក​អាច​រក​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ ដោយ​ចូល​គេហទំព័រ​www.mt711.com/km រួច​ចុច​«​អំពី​យើង​»​ ▸ ​«​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​»។

a នៅ​ឆ្នាំ​២០០៤ រលក​យក្ស​ស៊ូណាមី​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​២២០.០០០​នាក់។ នេះ​គឺ​ជា​វិនាសកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​បង្ក​ឡើង​ដោយ​ស៊ូណាមី។