លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លេខជំពូកនិងលេខខ តើអ្នកណាបានដាក់ក្នុងគម្ពីរ?

លេខជំពូកនិងលេខខ តើអ្នកណាបានដាក់ក្នុងគម្ពីរ?

សូម​ស្រមៃ​គិត​ថា​អ្នក​ជា​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១។ ក្រុម​ជំនុំ​របស់​អ្នក​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​សាវ័ក​ប៉ូល។ កាល​ដែល​អ្នក​កំពុង​ស្ដាប់​ការ​អាន​សំបុត្រ​នោះ អ្នក​កត់​សម្គាល់​ថា​ប៉ូល​ច្រើន​តែ​បាន​ដក​ស្រង់​ពាក្យ​ផ្សេង​ៗ​ពី​«​ឯកសារ​បរិសុទ្ធ​នា​នា​»​ ពោល​គឺ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ។ (​ធីម៉ូថេ​ទី២ ៣:១៥​) ដូច្នេះ អ្នក​និយាយ​ទៅ​ខ្លួន​ឯង​ថា ‹ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា​ប៉ូល​បាន​ដក​ស្រង់​ពាក្យ​ទាំង​នោះ​ពី​កន្លែង​ណា​ក្នុង​បទ​គម្ពីរ›។ ប៉ុន្តែ ការ​រក​ពាក្យ​ដក​ស្រង់​ទាំង​នោះ​គឺ​មិន​ងាយ​ស្រួល​ឡើយ។ ហេតុ​អ្វី​ដូច្នេះ?

គ្មាន​លេខ​ជំពូក​ឬ​លេខ​ខ​ទេ

សូម​ពិចារណា​អំពី​លក្ខណៈ​ផ្សេង​ៗ​នៃ​«​ឯកសារ​បរិសុទ្ធ​នា​នា​»​នៅ​សម័យ​របស់​ប៉ូល។ ដូច​រូប​ភាព​ក្នុង​ទំព័រ​នេះ ឯកសារ​នេះ​ជា​ផ្នែក​មួយ​នៃ​សៀវភៅ​អេសាយ​មក​ពី​រមូរ​ឯកសារ​នៅ​សមុទ្រ​ស្លាប់។ តើ​អ្នក​ឃើញ​អ្វី? អក្សរ​នៅ​ក្នុង​រមូរ​នោះ​គ្មាន​សញ្ញា​ខណ្ឌ ឬ​សញ្ញា​វណ្ណយុត្ត​ឡើយ ហើយ​ក៏​គ្មាន​លេខ​ជំពូក​និង​លេខ​ខ​ដូច​គម្ពីរ​ដែល​យើង​កំពុង​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

ពួក​អ្នក​សរសេរ​គម្ពីរ​បាន​កត់​ទុក​ព័ត៌មាន​ទាំង​អស់​ដែល​ព្រះ​បាន​ប្រាប់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​បាន​ចែក​ជា​លេខ​ជំពូក​និង​លេខ​ខ​ក្នុង​ព័ត៌មាន​ទាំង​នោះ​ឡើយ។ យ៉ាង​នេះ អ្នក​អាន​អាច​អាន​យល់​ព័ត៌មាន​ទាំង​មូល​មិន​គ្រាន់​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ទេ។ នេះ​គឺ​ដូច​គ្នា​នឹង​ពេល​ដែល​អ្នក​ទទួល​សំបុត្រ​ដ៏​សំខាន់​មួយ​ពី​បុគ្គល​ដែល​អ្នក​ស្រឡាញ់ អ្នក​ច្បាស់​ជា​អាន​សំបុត្រ​នោះ​ទាំង​អស់ មិន​មែន​អាន​តែ​ចំណុច​ខ្លះ​ឬ​ពាក្យ​ខ្លះ​ឡើយ មែន​ទេ?

ប៉ុន្តែ ការ​គ្មាន​លេខ​ជំពូក​និង​លេខ​ខ​នាំ​ឲ្យ​មាន​ការ​ពិបាក​មួយ។ ជា​ឧទាហរណ៍ ប៉ូល​គ្រាន់​តែ​អាច​បញ្ជាក់​ដោយ​ប្រើ​ពាក្យ​ថា​៖ ​«​ដូច​បទ​គម្ពីរ​ចែង​ថា​»​ ឬ​«​អេសាយ​ក៏​ថ្លែង​ទុក​ជា​មុន​ថា​»។ (​រ៉ូម ៣:១០; ៩:២៩​) ដូច្នេះ ការ​គ្មាន​លេខ​ជំពូក​និង​លេខ​ខ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក​ឃើញ​ពាក្យ​ដក​ស្រង់​ទាំង​នោះ​មក​ពី​បទ​គម្ពីរ​មួយ​ណា លុះ​ត្រា​តែ​យើង​ស្គាល់​ច្បាស់​«​ឯកសារ​បរិសុទ្ធ​នា​នា​»​ទាំង​អស់។

បន្ថែម​ទៅ​ទៀត ​«​ឯកសារ​បរិសុទ្ធ​នា​នា​»​ទាំង​នេះ មិន​មែន​ជា​ព័ត៌មាន​ខ្លី​មួយ​ពី​ព្រះ​ឡើយ។ មក​ដល់​ចុង​សតវត្សរ៍​ទី១ គ.ស. ឯកសារ​បរិសុទ្ធ​ទាំង​នោះ​បាន​ត្រូវ​ប្រមូល រួច​ចង​ក្រង​ជា​សៀវភៅ​មួយ​ក្បាល ហើយ​ក្នុង​សៀវភៅ​នោះ​គឺ​មាន​សៀវភៅ​តូច​ៗ​៦៦​ក្បាល! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​អាន​គម្ពីរ​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ សប្បាយ​ចិត្ត​ដែល​ក្នុង​គម្ពីរ​មាន​លេខ​ជំពូក​និង​លេខ​ខ​ដែល​ជួយ​ពួក​គេ​ឲ្យ​ស្រួល​រក​ឃើញ​ព័ត៌មាន​ជាក់​លាក់ ដូច​ជា​ពាក្យ​ដក​ស្រង់​ជា​ច្រើន​ដែល​ប៉ូល​បាន​បញ្ជាក់​ក្នុង​សំបុត្រ​របស់​គាត់។

ដូច្នេះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​អ្នក​ណា​បាន​ដាក់​លេខ​ជំពូក​និង​លេខ​ខ​ក្នុង​គម្ពីរ?›។

តើ​អ្នក​ណា​បាន​ដាក់​លេខ​ជំពូក?

នៅ​ដើម​សតវត្សរ៍​ទី​១៣​គ.ស. បព្វជិត​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ស្ទីវើន ឡេនថឺន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អភិបាល​នៃ​ខែនថឺបឺរី គាត់​បាន​ដាក់​លេខ​ជំពូក​នីមួយ​ៗ​ក្នុង​គម្ពីរ ពេល​ដែល​គាត់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​សកល​វិទ្យាល័យ​ប៉ារីស​ប្រទេស​បារាំង។

មុន​សម័យ​របស់​ឡេនថឺន បណ្ឌិត​ជា​ច្រើន​បាន​សាកល្បង​វិធី​ផ្សេង​ៗ​ដើម្បី​ដាក់​លេខ​ជំពូក​ក្នុង​គម្ពីរ តាម​មើល​ទៅ​គឺ​ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បទ​គម្ពីរ។ សូម​គិត​ទៅ​មើល​ថា វា​ងាយ​ស្រួល​យ៉ាង​ណា​បើ​ពួក​គេ​គ្រាន់​តែ​រក​ខ​គម្ពីរ​ណា​មួយ​ក្នុង​ជំពូក​ណា​មួយ​ប៉ុណ្ណោះ ជា​ជាង​រក​ក្នុង​ជំពូក​ទាំង​អស់​នៃ​សៀវភៅ​ក្នុង​គម្ពីរ ដូច​ជា​សៀវភៅ​អេសាយ​មាន​៦៦​ជំពូក​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​ក៏​នាំ​ឲ្យ​មាន​បញ្ហា​ដែរ។ បណ្ឌិត​ជា​ច្រើន​បាន​បង្កើត​វិធី​ផ្សេង​ៗ​ក្នុង​ការ​ដាក់​លេខ​ជំពូក តែ​វិធី​ពួក​គេ​មិន​ស្រប​គ្នា​ទេ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​បាន​ដាក់​លេខ​ជំពូក​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ម៉ាកុស​ជា​៥០​ជំពូក មិន​មែន​១៦​ជំពូក​ដូច​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ នៅ​សម័យ​របស់ឡេនថឺន ក្នុង​ក្រុង​ប៉ារីស​មាន​និស្សិត​ខ្លះ​មក​ពី​ប្រទេស​ផ្សេង​ៗ ហើយ​ពួក​គេ​បាន​យក​គម្ពីរ​ជា​ភាសា​របស់​ខ្លួន​មក​ជា​មួយ​ដែរ។ យ៉ាង​ណា​ក្ដី ពេល​មាន​ការ​ពិគ្រោះ​គ្នា​អំពី​បទ​គម្ពីរ គ្រូ​បង្រៀន​និង​និស្សិត​ទាំង​នោះ​មិន​អាច​ពន្យល់​គ្នា​យ៉ាង​ងាយ​ថា​ពួក​គេ​បាន​ដក​ស្រង់​ពី​បទ​គម្ពីរ​ណា​មួយ​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​លេខ​ជំពូក​ដែល​មាន​ក្នុង​គម្ពីរ​របស់​ពួក​គេ គឺ​មិន​ស្រប​គ្នា​ទាល់​តែ​សោះ។

ដូច្នេះ ឡេនថឺន​បាន​បង្កើត​របៀប​ថ្មី​ដើម្បី​បែង​ចែក​លេខ​ជំពូក​ក្នុង​គម្ពីរ។ របៀប​ដាក់​លេខ​ជំពូក​របស់​គាត់​«​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន​និង​អ្នក​ចម្លង​គម្ពីរ​ជា​ច្រើន​នាក់។ វិធី​នេះ​បាន​រីក​សាយភាយ​ទៅ​ដល់​អឺរ៉ុប​»​ (​The Book—A History of the Bible​)។ ឡេនថឺន​បាន​ដាក់​លេខ​ជំពូក​ក្នុង​គម្ពីរ​ដែល​មនុស្ស​ភាគ​ច្រើន​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ។

តើ​អ្នក​ណា​បាន​ដាក់​លេខ​ខ?

ប្រហែល​ជា​៣០០​ឆ្នាំ​ក្រោយ​មក នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៦ បណ្ឌិត​បារាំង​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ឈ្មោះ​រ៉ូបឺត អេស្ទីននី ដែល​មាន​ជំនាញ​ខាង​ការ​បោះ​ពុម្ព បាន​បង្កើត​វិធី​ដែល​កាន់​តែ​ងាយ​ស្រួល​ជាង។ គាត់​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​សិក្សា​គម្ពីរ។ អេស្ទីននី​យល់​ឃើញ​ថា​បើ​ដាក់​លេខ​ជំពូក​និង​លេខ​ខ​ជា​មួយ​គ្នា នោះ​នឹង​កាន់​តែ​ងាយ​ស្រួល​ជាង​ក្នុង​ការ​រក​បទ​គម្ពីរ​ណា​មួយ។

អេស្ទីននី​មិន​បាន​មាន​គំនិត​ក្នុង​ការ​ដាក់​លេខ​ខ​ក្នុង​គម្ពីរ ដោយ​ខ្លួន​គាត់​ផ្ទាល់​នោះ​ទេ។ តាម​ពិត គំនិត​ទាំង​នោះ​មាន​តាំង​ពី​រាប់​សតវត្សរ៍​មុន​នោះ ជា​ឧទាហរណ៍ អ្នក​ចម្លង​ឯកសារ​ជន​ជាតិ​យូដា​បាន​ដាក់​លេខ​ខ​ក្នុង​គម្ពីរ​ភាសា​ហេប្រឺ​ឬ​ហៅ​ថា​គម្ពីរ​សញ្ញា​ចាស់ ប៉ុន្តែ​ពួក​គេ​មិន​បាន​ដាក់​លេខ​ជំពូក​ទេ។ យ៉ាង​ណា​ក្ដី ដូច​បញ្ហា​នៃ​ការ​ដាក់​លេខ​ជំពូក​ដែរ គ្មាន​វិធី​ជាក់​លាក់​ណា​មួយ​ដើម្បី​បែង​ចែក​លេខ​ខ​ផ្សេង​ៗ​តាម​របៀប​ត្រឹម​ត្រូវ​ឡើយ។

ដូច្នេះ អេស្ទីននី​បាន​ដាក់​លេខ​ខ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ដែល​គេ​ហៅ​ថា​សញ្ញា​ថ្មី រួច​បញ្ចូល​គ្នា​ជា​មួយ​នឹង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដែល​មាន​លេខ​ខ​ស្រាប់។ នៅ​ឆ្នាំ​១៥៥៣ គាត់​បាន​បោះ​ពុម្ព​គម្ពីរ​ទាំង​មូល​ជា​លើក​ដំបូង (​ជា​ភាសា​បារាំង​) ដោយ​មាន​លេខ​ជំពូក​និង​លេខ​ខ​ដូច​គម្ពីរ​ភាគ​ច្រើន​ដែល​មនុស្ស​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ មនុស្ស​ខ្លះ​បាន​រិះ​គន់​ថា​ការ​ដាក់​លេខ​ខ​នាំ​ឲ្យ​ព័ត៌មាន​ក្នុង​គម្ពីរ​អាន​ទៅ​ដាច់​ៗ​ពី​គ្នា ហាក់​ដូច​ជា​ព័ត៌មាន​ទាំង​នោះ​មិន​ជាប់​ទាក់​ទង​គ្នា។ យ៉ាង​ណា​ក្ដី អ្នក​បោះ​ពុម្ព​ឯ​ទៀត​បាន​ទទួល​ស្គាល់​និង​ប្រើ​វិធី​របស់​អេស្ទីននី​ភ្លាម​ៗ។

នេះ​ជា​ជំនួយ​មួយ​សម្រាប់​សិស្ស​គម្ពីរ

ការ​ដាក់​លេខ​ជំពូក​និង​លេខ​ខ​ក្នុង​គម្ពីរ​ហាក់​ដូច​ជា​គំនិត​ដ៏​ងាយ​ស្រួល​មួយ តែ​មាន​ប្រយោជន៍​ណាស់​ពី​ព្រោះ​លេខ​ជំពូក​និង​លេខ​ខ​ប្រៀប​ដូច​ជា​អាសយដ្ឋាន​ដែល​សម្គាល់​បទ​គម្ពីរ​នីមួយ​ៗ។ តាម​ការ​ពិត ព្រះ​មិន​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​ដាក់​លេខ​ជំពូក​និង​លេខ​ខ​ក្នុង​គម្ពីរ​ទេ។ ជួន​កាល លេខ​ជំពូក​និង​លេខ​ខ​បាន​ត្រូវ​ដាក់​នៅ​កន្លែង​ដែល​មិន​សម​នឹង​ដាក់។ យ៉ាង​ណា​ក្ដី ការ​មាន​លេខ​ជំពូក​និង​លេខ​ខ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងាយ​ស្រួល​រក​ព័ត៌មាន​ចំ​ៗ ហើយ​ស្រួល​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ខ​គម្ពីរ​ណា​ដែល​យើង​ចូល​ចិត្ត​ជាង​គេ នេះ​ប្រៀប​ដូច​ជា​យើង​គូស​ពណ៌​លើ​ពាក្យ​ឬ​ឃ្លា​ក្នុង​សៀវភៅ​ដែល​យើង​ចង់​ចង​ចាំ។

ប៉ុន្តែ សូម​យើង​ចាំ​ថា ពិត​មែន​តែ​ការ​មាន​លេខ​ជំពូក​និង​លេខ​ខ​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​គម្ពីរ តែ​សំខាន់​បំផុត​យើង​ចង់​យល់​ព័ត៌មាន​ទាំង​អស់​ក្នុង​គម្ពីរ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង។ សូម​មាន​ទម្លាប់​អាន​ខ​មុន​និង​ខ​ក្រោយ​ក្នុង​បទ​គម្ពីរ ជា​ជាង​អាន​តែ​ខ​គម្ពីរ​មួយ​ប៉ុណ្ណោះ។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​នូវ​«​ឯកសារ​បរិសុទ្ធ​នា​នា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​»។—ធីម៉ូថេ​ទី២ ៣:១៥