លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើខ្ញុំគួរដឹងអ្វីខ្លះអំពីការផ្ញើសារក្នុងទម្រង់អាសអាភាស?

តើខ្ញុំគួរដឹងអ្វីខ្លះអំពីការផ្ញើសារក្នុងទម្រង់អាសអាភាស?

 តើ​ការ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស​គឺ​ជា​អ្វី?

 នេះ​គឺ​ជា​ការ​ផ្ញើ​សារ​ជា​អក្សរ រូប​ភាព​ឬ​វីដេអូ​ក្នុង​ទម្រង់​អាសអាភាស​តាម​ទូរស័ព្ទ​ដៃ។ បុរស​ម្នាក់​និយាយ​ថា៖«ការ​ផ្ញើ​សារ​ដូច្នេះ​គឺ​ស្ទើរតែ​ទៅ​ជា​ទម្លាប់​ធម្មតា​ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា ព្រោះ​យើង​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក ហើយ​មិន​យូរ​មិន​ឆាប់​យើង​ប្ដូរ​គ្នា​នូវ​រូប​ថត​ស្រើប​ស្រាល»។

 ហេតុ​អ្វី​គេ​ធ្វើ​ដូច្នេះ? កាសែត​ល្បី​មួយ​នៅ​រដ្ឋ​ញូវយ៉ក(The New York Times ) បាន​ដក​ស្រង់​ពាក្យ​របស់​អគ្គ​រដ្ឋ​អាជ្ញា​រង​ម្នាក់​ថា តាម​ទស្សនៈ​ក្មេង​ជំទង់​ខ្លះ ការ«មាន​រូប​ថត​អាក្រាត​របស់​គូ​ស្នេហ៍​នៅ​ក្នុង​ទូរស័ព្ទ​ដៃ គឺ​ជា​ការ​ប្រាប់​អ្នក​ឯ​ទៀត​ថា​គេ​មាន​សកម្មភាព​ខាង​ផ្លូវ​ភេទ​ហើយ។ វា​ដូច​ជា​ស្នាម​បឺត​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិច​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​សកម្មភាព​នេះ»។ ក្មេង​ជំទង់​ម្នាក់​ថែម​ទាំង​ហៅ​ទង្វើ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ«ការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព»ទៀត​ផង។ នាង​បន្ត​ថា យ៉ាង​ណា​មិញ«យើង​មិន​អាច​មាន​ផ្ទៃ​ពោះ ហើយ​ក៏​មិន​អាច​ឆ្លង​ជំងឺ​កាមរោគ​ដែរ»។

 មូលហេតុ​ឯ​ទៀត​ដែល​ក្មេង​ជំទង់​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស រួម​មាន​ដូច​ត​ទៅ៖

  •   ដើម្បី​ចែ​ចង់​ជា​មួយ​អ្នក​ដែល​គេ​សង្ឃឹម​ថា​អាច​ក្លាយ​ទៅ​ជា​សង្សារ

  •   ដោយ​សារ​អ្នក​ណា​ម្នាក់​បាន​ផ្ញើ​រូប​ថត​ស្រើប​ស្រាល​ឲ្យ​ពួក​គេ នោះ​ពួក​គេ​ក៏​បង្ខំ​ចិត្ត​ធ្វើ​ដូច្នោះ​វិញ​ដែរ។

 តើ​ការ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស​នាំ​ឲ្យ​មាន​ផល​វិបាក​អ្វី​ខ្លះ?

 ពេល​ប្អូន​ផ្ញើ​រូប​ថត​តាម​ទូរស័ព្ទ​ដៃ ប្អូន​លែង​មាន​សិទ្ធិ​លើ​រូប​នោះ ឬ​គ្រប់​គ្រង​លើ​របៀប​ដែល​អ្នក​ឯ​ទៀត​នឹង​ប្រើ​រូប​ថត​នោះ ឬ​នូវ​របៀប​ដែល​នេះ​អាច​ប៉ះ​ពាល់​ដល់​កេរ្ដិ៍​ឈ្មោះ​ប្អូន​បាន​ដែរ។ លោក​ស្រី​អេម៉ានដា លិនហាត ឯកទេស​ខាង​ការ​ស្រាវ​ជ្រាវ និង​អ្នក​និពន្ធ​នៃ​មណ្ឌល​ស្រាវ​ជ្រាវ​ល្បី​ល្បាញ​មួយ​ដែល​បោះ​ផ្សាយ​សេចក្ដី​រាយ​ការណ៍​អំពី​ការ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស និយាយ​ថា៖«អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន គឺ​កំហុស​និង​អំពើ​រំលង​ច្បាប់​ដែល​យើង​បាន​ធ្វើ បាន​ត្រូវ​ផ្ញើ​និង​រក្សា​ទុក​យ៉ាង​ងាយ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ»។ (Pew Research Institute)

 ក្នុង​ករណី​ខ្លះ

  •    អ្នក​ដែល​បាន​ទទួល​រូប​ថត​អាក្រាត​បាន​បញ្ជូន​រូប​ថត​នោះ​យ៉ាង​ច្រើន​តៗគ្នា​ទៅ​មិត្ត​ភក្ដិ​ដើម្បី​ឲ្យ​ពួក​គេ​មើល​កម្សាន្ត​សប្បាយ

  •    យុវជន​ដែល​សង្សារ​លែង​ស្រឡាញ់ បាន​ចែក​ចាយ​រូប​ថត​អាក្រាត​របស់​នាង​ដើម្បី​សង​សឹក។

 តើ​ប្អូន​ដឹង​ឬ​ទេ? ក្នុង​ករណី​ជា​ច្រើន ការ​ផ្ញើ​រូប​ថត​អាក្រាត​ក្នុង​ទម្រង់​អាសអាភាស បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​ការ​រំលោភ​បំពាន​លើ​កុមារ ឬ​ការ​ចែក​ចាយ​រូប​ភាព​អាសអាភាស​របស់​កុមារ។ អនីតិជន​ខ្លះ​ដែល​បាន​ផ្ញើ​រូប​ថត​ដូច្នេះ ក៏​បាន​ត្រូវ​វិនិច្ឆ័យ​ទោស​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ខាង​ផ្លូវ​ភេទ​ដែរ។

 តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 គម្ពីរ​ចែង​ថា​ការ​រីក​រាយ​សប្បាយ​ដែល​មក​ពី​ការ​រួម​ភេទ​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ជា​អ្វី​ដែល​ល្អ។ (សុភាសិត ៥:១៨) ក៏​ប៉ុន្តែ គម្ពីរ​បាន​កាន់​ជំហរ​យ៉ាង​ច្បាស់​លាស់​អំពី​ការ​រួម​ភេទ​រវាង​បុគ្គល​ដែល​មិន​រៀប​ការ​ជា​មួយ​គ្នា។ សូម​ពិចារណា​ខ​គម្ពីរ​ជា​បន្ត​បន្ទាប់:

  •   «ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ទាំង​និយាយ​អំពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក . . . មិន​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​គួរ​ឲ្យ​ខ្មាស ការ​និយាយ​ពាក្យ​ផ្ដេស​ផ្ដាស ការ​និយាយ​កំប្លែង​អាសអាភាស»។—អេភេសូរ ៥:៣, ៤

  •   «ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោក​គ្រោក តម្រេក សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ»។—កូឡុស ៣:៥

 ខ​ទាំង​នោះ​មិន​គ្រាន់​តែ​ព្រមាន​អំពី«អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ» (ជា​ការ​រួម​ភេទ​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​ប្ដី​ឬ​ប្រពន្ធ​ខ្លួន) ប៉ុណ្ណោះ​ទេ តែ​ក៏​ព្រមាន​អំពី«អំពើ​ស្មោក​គ្រោក» (ពាក្យ​ទូលំ​ទូលាយ​ដែល​សំដៅ​លើ​ភាព​មិន​បរិសុទ្ធ​ខាង​សីលធម៌​គ្រប់​បែប​យ៉ាង) និង«តម្រេក»ដែរ (ដែល​មិន​សំដៅ​លើ​មនោសញ្ចេតនា​ស្នេហា​ធម្មតា​ដែល​អាច​បំពេញ​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​នោះ​ទេ តែ​សំដៅ​លើ​ចិត្ត​ស្រើប​ស្រាល​ដែល​ច្រើន​តែ​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ)។

 សូម​ដណ្ដឹង​សួរ​ខ្លួន​ប្អូន:

  •   ហេតុ​អ្វី​ការ​ផ្ញើ​រូប​ថត​អាក្រាត​គឺ​ជា«អំពើ​ស្មោក​គ្រោក»?

  •   តើ​តាម​របៀប​ណា​ការ​ធ្វើ​ដូច្នេះ​បណ្ដាល​ឲ្យ​មាន«តម្រេក»មិន​ត្រឹម​ត្រូវ?

  •   ហេតុ​អ្វី​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​មើល​ឬ​ចែក​ចាយ​រូប​ថត​អាក្រាត​គឺ«អាក្រក់»?

 បទ​គម្ពីរ​បន្ទាប់​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​ឯ​ទៀត​ដែល​បង្ហាញ​ថា​ប្អូន​មិន​ត្រូវ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស​តាម​ទូរស័ព្ទ​ដៃ​នោះ​ទេ។

  •   «ចូរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត ជា​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស»។—ធីម៉ូថេ​ទី២ ២:១៥

  •    «អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ»។—ពេត្រុស​ទី២ ៣:១១

 ខ​ទាំង​នេះ​ពណ៌នា​អំពី​លទ្ធផល​ល្អ​ដែល​មក​ពី​ភាព​ទៀង​ត្រង់​ខាង​សីលធម៌។ ពេល​ប្អូន​ប្រព្រឹត្ត​តាម​របៀប​ដែល​គួរ​ឲ្យ​សរសើរ នោះ​ប្អូន​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ថា​ការ​ប្រព្រឹត្ត​មិន​សម​រម្យ​ដោយ​មិន​បាន​រិះ​គិត​នឹង​ធ្វើ​ឲ្យ​ប្អូន​សោក​ស្ដាយ​នៅ​ថ្ងៃ​ក្រោយ​ឡើយ​។—កាឡាទី ៦:៧

 សូម​ដណ្ដឹង​សួរ​ខ្លួន​ប្អូន:

  •    តើ​ខ្ញុំ​ជា​មនុស្ស​ប្រភេទ​ណា?

  •    តើ​ខ្ញុំ​ខ្វល់​អំពី​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ឯ​ទៀត​ឬ​ទេ?

  •    តើ​ខ្ញុំ​ចង់​សប្បាយ​មើល​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ឬ?

  •    តើ​ការ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​កេរ្ដិ៍​ឈ្មោះ​ខ្ញុំ?

  •    ហេតុ​អ្វី​ការ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស​អាច​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​ខ្ញុំ​លែង​ទុក​ចិត្ត​ខ្ញុំ?

 រឿង​ពិត «ខ្ញុំ​មាន​មិត្ត​ដែល​បាន​លាក់​រឿង​ស្នេហា​ដែល​នាង​មាន​ជា​មួយ​ក្មេង​ប្រុស​ម្នាក់។ ក្រោយ​មក​នាង​បាន​ផ្ញើ​រូប​ថត​អាក្រាត​របស់​នាង​ទៅ​ក្មេង​ប្រុស​នោះ ហើយ​ក្មេង​ប្រុស​នោះ​ផ្ញើ​រូប​ថត​អាក្រាត​របស់​ខ្លួន​គាត់​មក​វិញ។ មិន​ដល់​៤៨​ម៉ោង​ក្រោយ​មក ឪ​ពុក​នាង​បាន​ឆែក​មើល​ទូរស័ព្ទ​ដៃ​នាង។ ឪ​ពុក​នាង​បាន​ឃើញ​សារ ហើយ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ គាត់​បាន​សួរ​នាង​អំពី​រឿង​នេះ ហើយ​នាង​បាន​សារភាព​ទាំង​អស់។ ខ្ញុំ​ដឹង​ថា​នាង​ស្ដាយ​ក្រោយ​អំពី​របៀប​ដែល​នាង​បាន​ប្រព្រឹត្ត​មែន ប៉ុន្តែ​ឪ​ពុក​ម្ដាយ​នាង​ពិត​ជា​ភ្ញាក់​ផ្អើល ហើយ​ឈឺ​ចិត្ត​ណាស់! ពួក​គាត់​មិន​ដឹង​ថា​អាច​ទុក​ចិត្ត​នាង​ទៀត​ឬ​មិន​អាច​ទេ»។

 ការ​ពិត​នៃ​ជីវិត: ការ​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស​បន្ថោក​បន្ទាប​ទាំង​អ្នក​ផ្ញើ​ទាំង​អ្នក​មើល។ ក្មេង​ស្រី​ជំទង់​ម្នាក់​ដែល​សង្សារ​បាន​បង្ខិត​បង្ខំ​នាង​ឲ្យ​ផ្ញើ​សារ​ដូច​នេះ​ទៅ​គាត់ បាន​និយាយ​ថា៖«ការ​ធ្វើ​ដូច្នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់ខ្ពើម​និង​ខក​ចិត្ត​នឹង​ខ្លួន​ខ្ញុំ»។

 ដោយ​គិត​អំពី​ផល​វិបាក​ខាង​សីលធម៌ និង​ខាង​ច្បាប់​ដែល​មក​ពី​ការ​ផ្ញើ​សារ​ជា​អក្សរ រូប​ភាព​ឬ​វីដេអូ​ក្នុង​ទម្រង់​អាសអាភាស​តាម​ទូរស័ព្ទ​ដៃ នោះ​ជា​ការ​ល្អ បើ​ប្អូន​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ ដូច​ជា:

  •   «ចូរ​រត់​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​ភាព​ជា​យុវវ័យ»។—ធីម៉ូថេ​ទី២ ២:២២

  •   «សូម​បង្វែរ​ភ្នែក​ទូល​បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍»។—ទំនុក​តម្កើង ១១៩:៣៧

 តើ​ប្អូន​នឹង​ធ្វើ​អ្វី?

 សូម​អនុវត្ត​តាម​យោបល់​គម្ពីរ​ក្នុង​ស្ថានភាព​ជាក់​លាក់​មួយ។ សូម​អាន​ពាក្យ​របស់​ជេណិត ហើយ​ក្រោយ​មក​រើស​យក​ជម្រើស​មួយ​ណា​ដែល​ប្អូន​គិត​ថា​ល្អ​ជាង។

 «ពេល​មួយ​ខ្ញុំ​បាន​ជួប​ប្រុស​ម្នាក់ ហើយ​យើង​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ដៃ​ទៅ​វិញ​ទៅ​មក។ ក្រោយ​មក​មិន​ដល់​មួយ​សប្ដាហ៍​ផង គាត់​សុំ​ខ្ញុំ​ផ្ញើ​ឲ្យ​គាត់​នូវ​រូប​ថត​ដែល​ខ្ញុំ​ពាក់​ខោ​ទ្រនាប់​និង​អាវ​ទ្រនាប់​ហែល​ទឹក»។—ជេណិត

 តើ​ប្អូន​គិត​ថា​ជេណិត​គួរ​ធ្វើ​អ្វី? តើ​ប្អូន​នឹង​ធ្វើ​អ្វី?

  •  ជម្រើស «ក» ប្អូន​អាច​គិត​ថា: ‹គ្មាន​អ្វី​ខុស​ទេ ព្រោះ​បើ​យើង​ទៅ​លេង​ឆ្នេរ​សមុទ្រ គាត់​នឹង​ឃើញ​ខ្ញុំ​ពាក់​ខោ​អាវ​ហែល​ទឹក›។

  •  ជម្រើស «ខ» ប្អូន​អាច​រិះ​គិត​ថា: ‹ខ្ញុំ​មិន​ប្រាកដ​ថា​គាត់​គិត​ពី​អ្វី​ទេ។ ដូច្នេះ​ខ្ញុំ​នឹង​ផ្ញើ​រូប​ថត​ដែល​មិន​សូវ​បង្ហាញ​សាច់​ច្រើន​ពេក ហើយ​ចាំ​មើល​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​នេះ›។

  •  ជម្រើស «គ» ប្អូន​អាច​វែក​ញែក​ថា: ‹ប្រុស​នេះ​មិន​គិត​អ្វី​ក្រៅ​ពី​រឿង​ស្រើប​ស្រាល​នោះ​ទេ។ ខ្ញុំ​នឹង​លុប​ចោល​សារ​របស់​គាត់›។

 ជម្រើស «គ» គឺ​ល្អ​បំផុត មែន​ទេ? យ៉ាង​ណា​មិញ គម្ពីរ​ចែង​ថា៖«មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់ ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ»។—សុភាសិត ២២:៣

 លំ​ហាត់​នេះ​បញ្ជាក់​អំពី​បញ្ហា​មួយ​ដែល​ច្រើន​តែ​ជា​ដើម​ហេតុ​ដែល​មនុស្ស​ផ្ញើ​សារ​ក្នុង​ទម្រង់​អាសអាភាស ព្រម​ទាំង​អំពើ​ខុស​ឆ្គង​ឯ​ទៀត​ដែរ ពោល​គឺ: តើ​ប្អូន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​រើស​មិត្ត​ភក្ដិ​ឬ​ទេ? (សុភាសិត ១៣:២០) ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​សារ៉ា​ពោល​ថា៖«ចូរ​សេពគប់​ជា​មួយ​មនុស្ស​ដែល​អ្នក​ដឹង​ថា​មិន​បណ្ដោយ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ»។ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ដេលីអេ​ឯកភាព​ថា៖«មិត្ត​ក្លែង​ក្លាយ​ខ្លះ​មិន​ព្យាយាម​ជួយ​អ្នក​រក្សា​សីលធម៌​អ្នក​ទេ តែ​ចង់​ឲ្យ​អ្នក​លែង​កាន់​តាម​វិញ។ បើ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ផ្ទុយ​ពី​ច្បាប់​ព្រះ នោះ​ពួក​គេ​ចង់​ឲ្យ​អ្នក​ប្រឆាំង​អ្វី​ដែល​អ្នក​ដឹង​ថា​គឺ​ត្រឹម​ត្រូវ។ តើ​អ្នក​ពិត​ជា​ចង់​នៅ​ជា​មួយ​ពួក​គេ​ឬ​ទេ?»។